Varane នឹង​មាន​វត្តមាន​ក្នុង​ជំនួប​ជាមួយ Spurs

0

Raphael Varane នឹង​ត្រលប់​មក​លេង​ឱ្យ​ក្រុម Manchester United វិញ ក្នុង​ជំនួប​ប៉ះ Tottenham Hotspur នៅ​ថ្ងៃ​សៅរ៍ ខណៈ​ដែល​ពួក​គេ​ស្វែងរក​ការ​ឈ្នះ Premier League ជា​លើក​ដំបូង​របស់​ពួក​គេ​ក្នុង​ការ​ប្រកួត​ចំនួន​បួន​។

Varane បាន​អវត្តមាន​បី​ប្រកួត​ចុង​ក្រោយ​របស់ Man Utd ក្នុង​ការ​ប្រកួត​ទាំងអស់ ដោយសារ​របួស​សាច់ដុំ​។ ខ្សែការពារ​បារាំង​វ័យ ២៨ ឆ្នាំ​រូប​នេះ មាន​បញ្ហា​ក្រលៀន​ពេល​កំពុង​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​សម្រាប់​ប្រទេស​បារាំង ខណៈ​ដែល​ពួក​គេ​បាន​ឈ្នះ​ពានរង្វាន់ UEFA Nations League កាលពី​ដើមខែ​នេះ​ផង​ដែរ​។

Varane បាន​ចាកចេញ​មុន​ពាក់កណ្តាល​ម៉ោង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយមក​ត្រូវ​បាន​អវត្តមាន​រហូត​ដល់​ការ​ត្រលប់​មក​ហ្វឹកហាត់​ពេញលេញ​ក្នុង​ស​ប្តា​ហ៍​នេះ ហើយ​វត្តមាន​របស់​អតីត​កីឡាករ Real Madrid នៅ​តំបន់​ការពារ​របស់ Solskjaer គឺ​ត្រូវការ​ជា​ចាំបាច់​ណាស់ ដោយ​បិសាច​ក្រហម​បាន​របូត​គ្រាប់​បាល់ ១១ គ្រាប់​ក្នុង​ការ​ប្រកួត​ទាំង​បី អំឡុង​ពេល​ដែល​គ្មាន​រនាំង​ការពារ​ដ៏​រឹង​មាំ​៕