Lucas Moura៖ ៣​ពិន្ទុ​សម្រាប់​ថ្ងៃស្អែក មិនមែន​ជារ​រឿង​ពិបាក​ទេ

0

កីឡាករ Lucas Moura បាន​លើក​ឡើង​ថា វា​តែងតែ​ជា​រឿង​គ្រោះថ្នាក់​សម្រាប់​ក្រុម​របស់​គេ ដែល​ត្រូវ​ជួប​តទល់​ជាមួយនឹង Manchester United​។ ប៉ុន្តែ​គាត់​ជឿជាក់​ថា Spurs នឹង​ព្យាយាម​ផ្តោត​ទៅ​លើ​ការ​ប្រកួត​ឱ្យ​បាន ដើម្បី​ដណ្តើម​យក ៣ ពិន្ទុ​នៅ​ចុង​ស​ប្តា​ហ៍​នេះ​។

គួរ​បញ្ជាក់​ថា Spurs នឹង​បើក​កីឡដ្ឋាន Tottenham Hotspur Stadium របស់​ខ្លួន​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Man UTD នា​ការ​ប្រកួត​ស​ប្តា​ហ៍​ទី ១០ នៃ​ក្រប​ខណ្ឌ Premier League ខណៈ​កាលពី​ស​ប្តា​ហ៍​មុន​ក្រុម​ទាំង ២ សុទ្ធតែ​បាត់បង់ ៣ ពិន្ទុ​ដូច​គ្នា ដោយ​ក្រុម​បិសាច​ក្រហម​ចាញ់ Liverpool ៥-០ និង​ក្រុម​មាន់​ខ្នាយ​មាស​ចាញ់ West Ham ១-០​។

មុន​ជួប​គ្នា​នៅ​ស​ប្តា​ហ៍​នេះ Moura បាន​រៀបរាប់​ប្រាប់​ទៅ​កាន់​សារព័ត៌មាន Standard Sport យ៉ាង​ដូច្នេះ​ថា​៖ «​វា​តែងតែ​ជា​រឿង​គ្រោះថ្នាក់​សម្រាប់​ក្រុម​ពួក​យើង ដែល​ត្រូវ​លេង​តទល់​ជាមួយ​ពួក​គេ​។ ពួក​គេ​មាន​ភាព​ស្រែក​ឃ្លាន​ជ័យជម្នះ ដោយសារ​កាលពី​ស​ប្តា​ហ៍​មុន​ពួក​គេ​បាន​ចាញ់ Liverpool ហើយ​ចំណែក​យើង​ក៏​ស្រែក​ឃ្លាន​ជ័យជម្នះ​ដូច​គ្នា ដោយសារ​យើង​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម West Ham​។ ពួក​គេ​មាន​ធនធាន​កីឡាករ​ល្អ​ៗ​ច្រើន មានបទពិសោធន៍​ល្អ​ៗ នៅ​ក្នុង​វិស័យ​បាល់ទាត់​។ ម្យ៉ាងទៀត​ពួក​គេ​នឹង​ដឹង​ពី​របៀប​ដែល​ត្រូវ​លេង​តទល់​ជាមួយ​ពួក​យើង​។ នេះ​មិនមែន​ជា​បញ្ហា​សម្រាប់​ពួក​យើង​ទេ អ្វី​ដែល​សំខាន់​យើង​ត្រូវ​តែ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព យើង​ត្រូវ​ដើរ​នៅ​លើ​ទីលាន ហើយ​ប្រយុទ្ធ​ដើម្បី​ក្រុម​របស់​យើង​ទទួល​បាន ៣ ពិន្ទុ​នៅ​ថ្ងៃ​នោះ​៕