PSG នឹង​ប្រជែង​ជាមួយ Liverpool សម្រាប់​តារា Premier League តាម​ការ​ណែនាំ​របស់ Neymar (​មាន​វី​ដេ​អូ​)

0

PSG បាន​ចូលរួម​ជាមួយ Liverpool ក្នុង​ការ​ប្រជែង​ដើម្បី​ចុះហត្ថលេខា​លើ​កីឡាករ Raphinha របស់ Leeds United តាម​ការ​ណែនាំ​របស់ Neymar Jr នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Team Talk​។

Raphinha គឺជា​កីឡាករ​ដ៏​សំខាន់​បំផុត​ម្នាក់​របស់ Leeds United ក្នុង​រដូវ​កាល​មុន​។ ទម្រង់​លេង​ថ្មី​ៗ​របស់​គាត់​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្រុម​យក្ស​នៅ​អឺរ៉ុប​រួម​ទាំង PSG និង Liverpool​។

ទម្រង់​លេង​ថ្មី​ៗ​របស់​គាត់​សម្រាប់ Leeds បាន​ធ្វើ​ឱ្យ​គាត់​ទទួល​បាន​កៅអី​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ជាមួយនឹង Neymar ។ Raphinha បាន​ចាប់ផ្តើម​អាជីព​ក្នុង​ការ​ប្រកួត​អន្តរជាតិ​របស់​គាត់​យ៉ាង​ល្អ ដោយ​បាន​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​ចំនួន​ពីរ​លើក មុន​នឹង​ស៊ុត​បញ្ចូល​ទី​បាន​ពីរ​គ្រាប់​ទល់​នឹង​ក្រុម Uruguay កាលពី​ដើមខែ​នេះ​។

នោះ​បាន​ជំរុញ​ឱ្យ Neymar ចង់​នាំ​យក Raphinha ទៅ​កាន់ PSG ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នា​ពេល​ខាង​មុខ​។ ភ្នាក់ងារ​របស់ Raphinha និង​ជា​អតីត​តារា​ឆ្នើម​របស់​ក្លឹ​ប Barcelona លោក Deco បាន​បង្ហើប​ថា Raphinha កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្លឹ​ប​ផ្សេង​ៗ រួម​ទាំង Liverpool ផង​ដែរ​។ ប៉ុន្តែ Raphinha រីករាយ​ក្នុង​ការ​ស្នាក់​នៅ Leeds ដោយ​ក្លឹ​ប​មួយ​នេះ​ក៏​ចង់​រក្សា​តារា​របស់​ពួក​គេ​ផង​ដែរ​។ Deco បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន​ប្រេ​ស៊ី​ល Globo ថា​៖ «​ពិតជា​មាន​ក្លឹ​ប​ជា​ច្រើន​ចាប់អារម្មណ៍​លើ​គាត់​។ Liverpool ពេញចិត្ត​គាត់ ប៉ុន្តែ​មិន​មាន​អ្វី​ផ្លូវការ​ទេ​។ Leeds ចង់​រក្សា​គាត់​ឱ្យ​នៅ​រដូវ​កាល​បន្ទាប់​។ Raphinha សប្បាយចិត្ត​នៅ Leeds ប៉ុន្តែ​នឹង​មាន​ពេល​មួយ​ដែល​គាត់​នឹង​ចាកចេញ គឺ​ដើម្បី​បោះ​ជំហាន​ឡើង​ក្នុង​អាជីព​របស់​គាត់ ហើយ​ឈាន​ទៅ​មុខ​»​។

បច្ចុប្បន្ន Raphinha នៅ​សល់​កុងត្រា​រយៈពេល 3 ឆ្នាំ​ទៀត​លើ​កិច្ចសន្យា​របស់ Leeds ដែល​នឹង​ធ្វើ​ឱ្យ​មានការ​ពិបាក​សម្រាប់ PSG និង Liverpool ក្នុង​ការ​ទាក់ទាញ​គាត់​ឱ្យ​ចាកចេញ​។ បច្ចុប្បន្ន​គេហទំព័រ Transfermarkt បាន​កំណត់​តម្លៃ​ខ្សែប្រយុទ្ធ​វ័យ ២៤ ឆ្នាំ​រូប​នេះ​ក្នុង​តម្លៃ ៣២ លាន​អឺ​រ៉ូ​។

គួរ​រំលឹក​ថា​ទាំង Liverpool និង PSG សុទ្ធតែ​ត្រូវការ​ខ្សែប្រយុទ្ធ​ថ្មី​។ នៅ​ទីបំផុត​ហង្ស​ក្រហម​នឹង​ត្រូវការ​អ្នក​ជំនួស​តំណែង​ជួរ​មុខ​ទាំង​បី​របស់​ពួក​គេ ខណៈ​ដែល​អនាគត​មិន​ច្បាស់លាស់​របស់ Mauro Icardi នៅ PSG អាច​ជំរុញ​ឱ្យ​ក្លឹ​ប​យក្ស​ប៉ា​រី​ស​ធ្លាក់​ចូល​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នេះ​ដែរ​៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖