Aguero អាចនឹង​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​យប់​នេះ​…!

0

លោក Ronald Koeman អ្នកចាត់ការ​របស់ Barcelona បាន​ទម្លាយ​ឱ្យ​ដឹង​ថា ខ្សែប្រយុទ្ធ Sergio Aguero ទំនង​អាច​លេង​ក្នុង​ជម្រើស​១១​នាក់​ដំបូង​នៃ​ការ​ប្រកួត​ទល់​នឹង Rayo Vallecano នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​។

Aguero បាន​ខកខាន​បង្ហាញខ្លួន​លើ​ទីលាន​យ៉ាងច្រើន​ប្រកួត ក្នុង​រដូវ​កាល​នេះ ដោយសារ​បញ្ហា​របួស អំឡុង​ហ្វឹកហាត់​មុន​បើក​រដូវ​កាល ក្រោយ​ទើប​ចូលរួម Barcelona ថ្មី​ៗ​។

ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​វ័យ ៣៣​ឆ្នាំ​រូប​នេះ បាន​ចូលរួម​ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​ស្វ័​យ​ត​កា​តា​ឡូ​ញ៉ា ដោយ​ពុំ​មាន​តម្លៃ​ផ្ទេរ បន្ទាប់​ពី​ចំណាយពេល ១០​ឆ្នាំ​ដ៏​ជោគជ័យ ជាមួយ​ក្លិប​អង់គ្លេស Manchester City​។

ទោះ​យ៉ាងណា​ក្ដី ពេល​នេះ Aguero អាច​ត្រលប់​មក​ជួយ​ក្រុម​អ្នកមាន​បុណ្យ​បាន​យ៉ាង​ពេញលេញ បន្ទាប់​ពី​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត El Clasico ទល់​នឹង Real Madrid ដោយ​រក​គ្រាប់​បាល់​ចុង​ម៉ោង​ក្នុង​ការ​ប្រកួត​នោះ​។

ហើយ​ពេល​នេះ ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​រូប​នេះ កំពុង​សម្លឹង​ឱកាស ក្នុង​ការ​បង្ហាញខ្លួន​លើ​ទីលាន​ក្នុង​ជម្រើស​ដំបូង ខណៈ​លោក Koeman ក៏​បាន​បើកភ្លើង​បៃតង​ឱ្យ​ផង​ដែរ​។

Koeman និយាយ​ថា​៖ “​គេ​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​លេង​ពេញ ៩០​នាទី​ឡើយ ប៉ុន្ដែ​គេ​អាច​លេង​ក្នុង​ជម្រើស​ដំបូង ឬ​លេង​ក្នុង​តង់​ទី​២​។ គេ​បាន​ត្រៀម​រួចរាល់ ដើម្បី​ទទួល​បាន​នាទី​លេង​បន្ថែម​ទៀត​”៕