ម្ចាស់ក្លិបថ្មីរបស់ Newcastle បានចរចាជាមួយលោក Paulo Fonseca អំពីតំណែងជាអ្នកចាត់ការថ្មីរបស់ពួកគេ បន្ទាប់ពីបញ្ចប់តំណែងលោក Steve Bruce កាលពីថ្ងៃពុធកន្លងទៅ។
លោក Bruce វ័យ៦០ឆ្នាំ ត្រូវបានរំពឹងថាត្រូវបានដកចេញពីតំណែងតាំងពីម្ចាស់ក្លិបថ្មីកាន់កាប់ Newcastle កាលពីសប្ដាហ៍មុនម្ល៉េះ ប៉ុន្ដែលោកនៅអាចរក្សាឱកាសបានដឹកនាំការប្រកួតទី១០០០ ក្នុងនាមជាគ្រូបង្វឹក ដោយចាញ់ Tottenham Hotspur ២-៣។
ប្រភពពី Sky Sports បានឱ្យដឹងថា អតីតអ្នកចាត់ការ Roma លោក Fonseca ដែលជាបេក្ខភាពសម្រាប់ក្លិប Tottenham កាលពីរដូវក្ដៅកន្លងទៅនេះ បានឈរជាបេក្ខជនជួរមុខជាថ្មី ក្នុងការកាន់តំណែងជាអ្នកចាត់ការថ្មីរបស់ Newcastle ដោយការចរចាគ្នាបានធ្វើឡើងនៅថ្ងៃពុធនេះ។
គួរបញ្ជាក់ថា បុរសជនជាតិព័រទុយហ្កាល់វ័យ ៤៨ឆ្នាំរូបនេះ បានចាយពេលពីររដូវកាលដឹកនាំ Roma បញ្ចប់ចំណាត់ថ្នាក់លេខ៥ និងលេខ៧ ក្នុងតារាង Serie A មុនពេលជំនួសដោយលោក Mourinho ប៉ុន្ដែលោកធ្លាប់ជោគជ័យនៅ Shakhtar Donetsk ដោយបានឈ្នះលីគ៣រដូវកាលជាប់គ្នា ឈ្នះ Cup ពីរលើក និងធ្វើបានល្អក្នុងការប្រកួតនៅអឺរ៉ុបផងដែរ៕