Pogba បង្ហាញ​តម្រុយ​បន្ដ​នៅ Man Utd ដោយសារ ខ្សែប្រយុទ្ធ​ម្នាក់​នេះ​…!

0

ខ្សែបម្រើ​បារាំង Paul Pogba បាន​បង្ហាញ​តម្រុយ​ថា គេ​នឹង​បន្ដ​រួមរស់​ជាមួយ​ក្លិប Manchester United ដោយ​បាន​អះអាង​ថា គេ​ពេញចិត្ត​ពេញ​ថ្លើម ចំពោះ​ការ​លេង​រួម​ក្រុម​ជាមួយ​កីឡាករ​ពិសេស​ដូច​ជា Cristiano Ronaldo​។

Ronaldo បាន​ក្លាយជា​វីរបុរស​ក្នុង​ការ​ប្រកួត​ជា​ថ្មី​សម្រាប់ ក្រុម​បិសាច​ក្រហម ក្នុង​ការ​វាយបក​យកឈ្នះ​លើ Atalanta ដោយ​លទ្ធផល ៣-២ ក្នុង​វគ្គ​ចែក​ពូ​ល UEFA Champions League កាលពី​យប់​ថ្ងៃ​ពុធ​កន្លង​ទៅ​។

បច្ចុប្បន្ន Pogba នៅ Man Utd គេ​នឹង​ក្លាយជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន នៅ​ដំណាច់​រដូវ​កាល​នេះ ហើយ​គេ​អាច​ចុះ​កុងត្រា​ជាមួយ​ក្លិប​ថ្មី​បាន នៅ​ខែមករា​ខាង​មុខ​។

ប៉ុន្ដែ​ខ្សែបម្រើ​ជនជាតិ​បារាំង បាន​បង្ហាញ​តម្រុយ​ធំ​មួយ ពាក់ព័ន្ធ​នឹង​អនាគត​របស់​ខ្លួន នេះ​បើ​យោង​តាម​សារ​ព៏​ត៌​មាន talkSPORT បាន​អះអាង​ថា Pogba រីករាយ​នឹង​ការ​លេង​នៅ Man Utd បន្ដ​ទៀត ដើម្បី​លេង​រួម​ក្រុម​ជាមួយ Ronaldo ដែល​បាន​បាន​បង្ហាញ​ការ​តស៊ូ​មិន​បោះបង់ រហូត​ជួយ​ក្រុម​បាន​ជ័យជម្នះ​។

នៅ​ពេល​សួរនាំ​ពាក់ព័ន្ធ​នឹង​អនាគត Pogba បាន​និយាយ​ថា​៖ «​ខ្ញុំ​រីករាយ​នឹង​ការ​លេង​នៅ Manchester United​។ បន្ទាប់​ពី​នេះ​គឺ Cristiano Ronaldo, កីឡាករ​ពិសេស ដែល​ជា​កីឡាករ​ល្អ​បំផុត​មួយ​រូប​នៅ​លើ​លោក ខ្ញុំ​ពេញចិត្ត​នឹង​លេង​ជាមួយ​គាត់​»៕