សា​រ៉េ​ត គ្រី​យ៉ា បានជា​សះស្បើយ​កូ​វី​ដ ខណៈ ៥​នាក់​ទៀត រង​ចាំ​លទ្ធផល​តេស្ត PCR

0

ភ្នំពេញ​៖ ភ្នំពេញ​៖ កីឡាករ​ជម្រើសជាតិ​កម្ពុជា សា​រ៉េ​ត គ្រី​យ៉ា បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ ហើយ ក្រោយ​សម្រាក​ព្យាបាល ១០​ថ្ងៃ នៅ​ប្រទេស​បា​រ៉ែ​ន​។ រីឯ​កីឡាករ ៥​នាក់​ទៀត រួម​មាន ចាន់ វឌ្ឍនាកា​, គួ​ច សុ​កុម្ភៈ​, កែវ សុខ​សិលា​, សឿ​យ វិសាល និង អ៊ា​ន ពិសី នឹង​ធ្វើតេស្ដ PCR តាម​ក្រោយ​។

តាម​ការ​បញ្ជាក់​របស់​សាមីខ្លួន សា​រ៉េ​ត គ្រី​យ៉ា បាន​ធ្វើតេស្ដ PCR កាលពី​ម្សិលមិញ និង​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​នៅ​ថ្ងៃនេះ​។ បន្ទាប់​មក​គេ​ក៏​ទទួល​បានការ​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​សម្រាក​នៅ​សណ្ឋាគារ​ខាងក្រៅ​។ គ្រី​យ៉ា បន្ដ​ថា ការ​ធ្វើតេស្ដ​មុនគេ​នេះ ព្រោះ​ខ្លួន​រក​ឃើញ​វិជ្ជមាន​មុន តាំងពី​មុន​ការ​ប្រកួត​ជើង​ទី​១ ជាមួយ​កោះ​ហ្គាំ មក​ម្ល៉េះ​។

ចំណែក​កីឡាករ ៥​នាក់​ទៀត នឹង​ធ្វើតេស្ដ PCR ជា​បន្ដបន្ទាប់​តាម​ក្រោយ​។ បន្ទាប់​ពី​ជា​សះស្បើយ​ទាំងអស់​គ្នា ទើប​ពួក​គេ​ត្រឡប់​មក​មាតុភូមិ​វិញ​។ ដូច្នេះ សា​រ៉េ​ត គ្រី​យ៉ា នឹង​ត្រូវ​សម្រាក​នៅ​សណ្ឋាគារ​មួយ​កន្លែង ដើម្បី​រង់ចាំ​មិត្ត​រួម​ក្រុម​ផ្សេង​ទៀត ដែល​គ្រោង​នឹង​ធ្វើតេស្ដ​នា​ថ្ងៃ​ទី​២១ ខែតុលា​ខាង​មុខ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ គ្រី​យ៉ា​។

សូម​ជូនពរ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទាំង ៦​រូប ជួប​តែ​សំណាងល្អ ពិសេស​កីឡាករ ដែល​នឹង​ធ្វើតេស្ដ PCR នា​ពេល​ឆាប់​ៗ​ខាង​មុខ សូម​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់​គ្នា ដើម្បី​ឆាប់​បាន​វិល​ត្រឡប់​មក​មាតុភូមិ​កម្ពុជា​វិញ​។

គួរ​ដឹង​ថា កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទាំង ៦​រូប​ខាងលើ បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ក្នុង​ពេល​បំពេញបេសកកម្ម​នៅ​ប្រទេស​បា​រ៉ែ​ន ក្នុង​ការ​ប្រកួត​ជម្រុះ Play-Off នៃ​ពានរង្វាន់ AFC Asian Cup China 2023 ជាមួយ​ក្រុម​កោះ​ហ្គាំ ស្រប​ពេល​ក្រុម​គោព្រៃ​កម្ពុជា បាន​យកឈ្នះ​កោះ​ហ្គាំ ទាំង​២​ជើង ក្នុង​លទ្ធផល ៣-១ ដើម្បី​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​ទី​៣ នៃ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី​នេះ​៕

ប្រភព​៖ Cambodia SEA GAMES 2023