នាយកផ្នែកកីឡារបស់ Paris Saint-Germain លោក Leonardo បានចេញមុខបកស្រាយម្តងទៀត អំពីរឿងរ៉ាវជុំវិញការផ្ទេរកីឡាករ Kylian Mbappe ជាមួយ Real Madrid ហើយមានអារម្មណ៍ថាក្រុមយក្សអេស្ប៉ាញបានបង្ហាញពីការមិនគោរពចំពោះ PSG ។
Mbappe មានបំណងចាកចេញពី PSG ដោយ Real Madrid ព្យាយាមចុះហត្ថលេខាជាមួយគាត់នៅរដូវក្តៅ ហើយបានផ្តល់ប្រាក់ ២០០ លានអឺរ៉ូដល់ PSG សម្រាប់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ប៉ុន្តែត្រូវបានក្រុមនៅ Ligue 1 ច្រានចោល។
លោក Leonardo បានថ្លែងទៅកាន់ Festivo dello Sport ៖ «អស់រយៈពេលពីរឆ្នាំហើយ ដែលពួកគេនិយាយជាសាធារណៈអំពី Mbappe វាគួរតែត្រូវទទួលទណ្ឌកម្ម។ ខ្ញុំមើលឃើញថា Real Madrid ខ្វះការគោរពចំពោះ Mbappe ។ គាត់មិនមែនជាកីឡាករធម្មតាទេ គាត់គឺជាកីឡាករល្អបំផុតម្នាក់នៅក្នុងពិភពលោក»។
លោក Leonardo ក៏បានបញ្ជាក់ផងដែរថា ក្លឹបប៉ារីសមិនមានបំណងលក់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះទេ បើទោះបីជាកីឡាកររូបនេះបានបដិសេធក្នុងការបន្តកុងត្រាថ្មីជាមួយ PSG ក៏ដោយ។ នាយកកីឡា PSG បានទទូចថា «គំនិតរបស់យើងគឺចង់បន្តកុងត្រាជាមួយ Kylian Mbappe»៕