ឪពុក​ម្តាយ​ប្រ​ហេ​ស​តែ​បន្តិច​! កូន​អាយុ ៥​ឆ្នាំ​រត់​ឆ្លងថ្នល់​ត្រូវ​រថយន្ត​បុក​…

0

សៀមរាប៖ ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​រថយន្ត​បុក​បណ្តាល​ឲ្យ​ស្លាប់ ខណៈ​រត់​ឆ្លងផ្លូវ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​សៅរ៍ ៣​កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​១៤​និង​២០​នាទី នៅ​លើ​កំណាត់​ផ្លូវ​កៅស៊ូ ចំណុច​ភូមិ​គោក​ចាស់ ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង រថយន្ត​បង្កហេតុ​ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប 3A-3201​បើកបរ​ដោយ​ឈ្មោះ វ៉ឹ​ង វ៉ា​ត់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្នាយ​ល្អ ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត បាន​ជ្រុល​បុក​ក្មេង​រត់​ឆ្លងផ្លូវ​ឈ្មោះ រឿ​ត សុភា ភេទ​ប្រុស អាយុ​៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​ចាស់ ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប បណ្ដាល​អោយ​ស្លាប់​ក្មេង​ប្រុស​ម្នាក់​នៅ​នឹង​កន្លែង ។

សមត្ថកិច្ច​ជំនាញ​បានអោយ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ក្មេង​រត់​ឆ្លងផ្លូវ​កាត់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​វាស់វែង ធ្វើ​កំណត់ហេតុ និង​ឃាត់ខ្លួន​អ្នកបើកបរ រួម​ទាំង​វត្ថុ​តាង​យក​មក​អធិការដ្ឋាន​ស្រុក​អង្គរជុំ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។ ចំណែក​សាកសព​ក្មេង​រង​គ្រោះ សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ