Newcastle United បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើអំណាចទឹកប្រាក់របស់ពួកគេ នៅក្នុងទីផ្សារដោះដូរកីឡាករ ដើម្បីតាមប្រជែងយកខ្សែប្រយុទ្ធ Mauro Icardi របស់ PSG នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអ៊ីតាលី Calciomercato។
ក្រុម Newcastle United ត្រូវបានគេរំពឹងថា នឹងមានទីផ្សារដោះដូរកីឡាករដ៏ធំមួយនៅក្នុងខែមករានេះ។ ក្លិបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករកំពូលៗជាច្រើន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីមានការវិនិយោគពីសំណាក់ម្ចាស់ថ្មី។ បន្ថែមពីលើ Icardi ក្លឹបមួយនេះក៏បានសម្លឹងឃើញកីឡាករ Nick Pope និង Anthony Martial ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅ St.James ‘Park ផងដែរ។
យោងតាមសារព័ត៌មាន Daily Mail បានអោយដឹងថាក្លឹប Newcastle United អាចនឹងចំណាយប្រាក់ប្រហែល ២០០ លានផោននៅក្នុងខែមករា ហើយវានៅតែមិនបំពានលើបទបញ្ជាហិរញ្ញវត្ថុ Fair Play ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមប្រភពខាងលើនេះ Newcastle United មិនមែនជាក្លឹបតែមួយគត់ដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយ Mauro Icardi នោះទេ។ ក្លិបយក្សនៅអឺរ៉ុបផ្សេងទៀតគឺ Juventus និង Tottenham Hotspur ក៏កំពុងសម្លឹងមើលខ្សែប្រយុទ្ធរបស់ PSG ផងដែរ។
បញ្ជាក់ផងដែរថា Icardi មានកិច្ចសន្យារហូតដល់រដូវក្តៅឆ្នាំ ២០២៤ នៅ PSG ។ វាអាចមើលឃើញថាក្លឹបនៅ Ligue 1 ទទួលបានថ្លៃផ្ទេរសមរម្យ ប្រសិនបើ Newcastle United ចូលមកទាក់ទងនៅខែមករាខាងមុខនេះ ហើយបច្ចុប្បន្នខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំរូបនេះមានតម្លៃប្រមាណ ៣៥ លានផោន៕