កីឡាករ Kylian Mbappe ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅក្លឹប Newcastle United ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ បន្ទាប់ពីក្លឹបនៅ Premier League មួយនេះទទួលបានការវិនិយោគថ្មី។ នាយកក្លឹប Newcastle អ្នកនាង Amanda Staveley បាននិយាយថាក្លឹបបានចាប់ផ្តើមស្វែងរកការចុះហត្ថលេខាលើកំពូលតារាល្បីៗ។
ការទិញយកក្រុម Newcastle United ក្នុងទំហំទឹកប្រាក់ប្រមាណ ៣០០ លានផោនត្រូវបានបញ្ចប់ជាផ្លូវការ ហើយឥឡូវនេះ The Magpies បានក្លាយជាក្លឹបដែលមានជាងគេបំផុតនៅក្នុងក្របខ័ណ្ឌ Premier League ហើយពួកគេត្រូវបានគេរំពឹងថានឹងធ្វើការចុះហត្ថលេខាលើកំពូលតារាឆ្នើមពីរនាក់ ដែលនឹងចាប់ផ្តើមនៅខែមករា។
Amanda Staveley បានប្រាប់ទៅកាន់ Mirror អំពីលទ្ធភាពរបស់ Mbappe ថា៖ «យើងកំពុងស្ថិតនៅលើទីផ្សារ ដើម្បីប្រកួតប្រជែងសម្រាប់ការនាំយកកីឡាករលំដាប់ពិភពលោក ហើយយើងកំពុងមើលថា តើពួកគេអាចផ្តល់អ្វីខ្លះដល់យើង»។
ក្រៅពីនិយាយអំពី Mbappe អ្នកនាង Staveley ក៏បានលើកឡើងអំពីអ្នកចាត់ការ Newcastle លោក Steve Bruce ដែលអនាគតរបស់គាត់កំពុងតែកក្រើក ដោយសារតែលទ្ធផលមិនល្អរបស់ក្រុម។ នាយកក្លឹប Newcastle រូបនេះបាននិយាយថា «នេះគឺជាក្រុមដ៏អស្ចារ្យ ហើយយើងមិនគួរស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ១៩ ឡើយ»។ យើងត្រូវការប្រកួតប្រជែងភ្លាមៗ ហើយកីឡាករក៏ត្រូវដឹងថា ពួកគេមានការគាំទ្រយ៉ាងពេញទំហឹងពីយើង។ យើងបានដឹកនាំក្លឹបមួយនៅបាតតារាង Premier League នៅពេលនេះ ហើយយើងត្រូវតែប្រកួតប្រជែង៕