Fayza Lamari ម្តាយរបស់ Kylian Mbappe បាននិយាយម្តងទៀតពីបំណងរបស់តារាឆ្នើម Paris Saint-Germain ដែលចង់លេងឱ្យក្រុម Real Madrid នៅថ្ងៃណាមួយ និងការពិភាក្សារបស់ពួកគេនៅក្នុងគ្រួសារ។
Lamari បានប្រាប់ Le Parisien ថា៖ «នៅពេលដែល Kylian ចង់ទៅ Real Madrid ឪពុករបស់គាត់មិនចង់អោយគាត់ទៅទេ ហើយខ្ញុំបាននិយាយថារង់ចាំរហូតដល់ព្រឹត្តិការណ៍អូឡាំពិកប៉ារីស ២០២៤ ប៉ុន្តែគាត់មានហេតុផលរបស់គាត់ហើយយើងគាំទ្រគាត់»។ «កាលពី ៤ឆ្នាំមុន នៅពេលដែលគាត់ជ្រើសរើសយក PSG ខ្ញុំមិនចង់ឱ្យគាត់ទៅទេ ខ្ញុំខ្លាច ប៉ុន្តែគាត់បានទទូចហើយ យើងក៏សម្របតាមគាត់»។
នៅរដូវក្តៅនេះ Kylian បានជ្រើសរើសយក Real Madrid ព្រោះគាត់ចង់នៅទីនោះតាំងពីដំបូង។ យើងសាកស្រម៉ៃមើលថា ប្រសិនបន្ថែមកីឡាករ ៣-៤ នាក់ទៀតនៅក្នុងរយៈពេល ៤ឆ្នាំខាងមុខនោះ Real Madrid ពិតជាកាន់តែអស្ចារ្យ។
ថ្វីត្បិតតែពុករបស់ Mbappe គឺលោក Wilfried Mbappe និង Lamari បានចែកផ្លូវគ្នាហើយក្តី ប៉ុន្តែពួកគេនៅតែមានទំនាក់ទំនងគ្នាដដែល នៅពេលនិយាយអំពីអនាគតកូនប្រុសរបស់ពួកគេ ហើយប៉ារីសគឺជាគោលដៅរយៈពេលខ្លីរបស់ពួកគេប៉ុណ្ណោះ។
ជាការពិតការសម្រេចចិត្តនេះ នឹងក្លាយជារបស់កីឡាករឆ្នើម វ័យ ២២ឆ្នាំរូបនេះ ហើយពុកម្តាយរបស់គាត់នឹងគោរពតាម ប៉ុន្តែនៅក្នុងគ្រួសាររបស់ Mbappe មិនមានការប្រញាប់ប្រញាល់ក្នុងការចាកចេញពីប៉ារីសនោះទេ៕