Luke Shaw ពន្យល់​ពី​អ្វី​ដែល​ធ្វើ​ឱ្យ Cristiano Ronaldo ល្អ​បែប​នេះ

0

ខ្សែការពារ​ស្លាប​ឆ្វេង​របស់​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Luke Shaw ជឿជាក់​ថា​មិត្ត​រួម​ក្រុម Cristiano Ronaldo គឺជា​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក ហើយ​បាន​កោតសរសើរ​ពី​ស្មារតី​ចង់​ឈ្នះ​របស់​គាត់​ចំពោះ​គ្រប់ការ​ប្រកួត​។

ថ្លែង​ទៅ​កាន់ TalkSPORT មុន​ការ​ប្រកួត​របស់​អង់គ្លេស​ទល់​នឹង​អង់​ដូ​រ៉ា Luke Shaw បាន​និយាយ​ថា​វា​ជា​ភាព​អស្ចារ្យ​មួយ​ដែល​មាន​កីឡាករ​ម្នាក់​ដូច​ជា Cristiano Ronaldo នៅ​ក្នុង​ក្រុម ដែល​គាត់​ពោរពេញ​ដោយ​បទ​ពិសោធន៍​។ Shaw បាន​និយាយ​ថា​៖ «​គាត់​មាន​កម្រិត​លេង​ដែល​ខ្ពស់ ហើយ​ខ្ញុំ​គ្មាន​ច​ម្ង​ល់​ទេ​ថា ហេតុ​អ្វី​បានជា​គាត់​ក្លាយជា​កីឡាករ​ល្អ​បំផុត​ម្នាក់​នៅ​លើ​ពិភពលោក ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ​។ របៀប​ដែល​គាត់​គ្រប់គ្រង​ខ្លួនឯង បទដ្ឋាន​ដែល​គាត់​បាន​កំណត់ និង​ចិត្តគំនិត​របស់​គាត់​គឺ​ល្អ​បំផុត​តាម​ដែល​ខ្ញុំ​បាន​មើលឃើញ​» ។

Shaw បាន​បន្ថែម​ថា​៖ « វា​ល្អ​សម្រាប់​យើង​ក្នុង​នាម​ជា​មិត្ត​រួម​ក្រុម ដែល​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​មនុស្ស​ល្អ​បែប​នេះ​។ គ្រប់​ទីកន្លែង​ដែល​គាត់​ទៅ គាត់​បាន​ឈ្នះ ហើយ​នោះ​ហើយ​ជា​មូលហេតុ​ពីព្រោះ​ស្តង់ដារ​ដែល​គាត់​កំណត់​គឺ​ខ្ពស់​ណាស់​»​។

Luke Shaw បាន​កោតសរសើរ​ចំពោះ​ចលនា និង​ភ្នែក​របស់ Cristiano Ronaldo ចំពោះ​ការ​គ្រាប់​បាល់ ដែល​តែងតែ​ឃើញ​គាត់​នៅ​ក្នុង​ជំហរ​ត្រឹមត្រូវ ដើម្បី​រក​គ្រាប់​បាល់​។ ខ្សែការពារ​វ័យ ២៦​ឆ្នាំ​រូប​នេះ បាន​ដាក់​ហៅ​អ្នក​ឈ្នះ​ពានរង្វាន់ Ballon d’Or ៥ សម័យ​ថា​ជា «​កំពូល​កីឡាករ​លំដាប់​ពិភពលោក​»​។ Ronaldo គាត់​មាន​ភាព​មុត​ស្រួច តែងតែ​ស្ថិត​ក្នុង​ទីតាំង​ត្រឹមត្រូវ ដើម្បី​រក​គ្រាប់​បាល់ ហើយ​ចលនា​របស់​គាត់​គឺ​ល្អ​បំផុត ដែល​ខ្ញុំ​មិន​ធ្លាប់​បានឃើញ​។ វា​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​ទេ​ដែល​គាត់​រក​គ្រាប់​បាល់​បញ្ចូល​ទី ហើយ​គាត់​បាន​ធ្វើ​វា​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ព្រោះ​គាត់​តែងតែ​នៅ​កន្លែង​ដែល​ត្រឹមត្រូវ ជាមួយនឹង​ពេល​សម​ស្រប នោះ​គឺជា​សញ្ញា​វិជ្ជមាន​របស់​កំពូល​កីឡាករ​លំដាប់​ពិភពលោក​៕