អតីតអ្នកចាត់ការទូទៅរបស់ក្រុមតោខៀវ Chelsea ពីររូបគឺ Frank Lampard និង Antonio Conte បច្ចុប្បន្នគឺជាអ្នកនាំមុខគេក្នុងការដណ្តើមតំណែងពី Steve Bruce នៅ Newcastle United ។ ព័ត៌មាននេះកើតឡើងបន្ទាប់ពីមានការផ្លាស់ប្តូម្ចាស់ក្លឹបថ្មី ដែលត្រូវគ្រប់គ្រងដោយសម្ព័ន្ធអារ៉ាប៊ីសាអូឌីត នេះបើយោងតាមការចុះផ្សាយរបស់ Football London។
ក្នុងចំណោមអ្នកទាំងពីរលោក Antonio Conte គឺជាបុគ្គលល្បីឈ្មោះម្នាក់នៅក្នុងពិភពបាល់ទាត់។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានឈ្នះពានរង្វាន់ Serie A កាលពីរដូវកាលមុនជាមួយក្រុម Inter Milan មុនពេលចាកចេញពីក្លឹបបន្ទាប់ពីមានជម្លោះជាមួយក្រុមប្រឹក្សាភិបាល។ លោក Conte ក៏មានបទពិសោធន៍ក្នុងក្របខ័ណ្ឌ Premier League ដែលបានដឹកនាំក្រុមតោខៀវ Chelsea ឱ្យឈ្នះពានរង្វាន់លីកចុងក្រោយរបស់ពួកគេកាលពីឆ្នាំ ២០១៧ ។
ម្យ៉ាងវិញទៀត Frank Lampard គឺជាអ្នកចាត់ការទូទៅរបស់ Chelsea រហូតដល់ខែមករាឆ្នាំ ២០២១ នៅពេលដែលគាត់ត្រូវបានបណ្តេញចេញ និងជំនួសដោយលោក Thomas Tuchel ។
វាត្រូវបានគេរំពឹងថា ម្ចាស់ក្លឹបថ្មីនឹងបណ្តេញលោក Steve Bruce ចេញ ដែលជាសេចក្តីថ្លែងការណ៍ដំបូងរបស់ពួកគេអំពីចេតនានៅ Newcastle United ។ បច្ចុប្បន្នក្រុម Newcastle United ស្ថិតនៅលេខរៀងទី ១៩ ក្នុងតារាង Premier League ដោយទទួលបានតែ ៣ ពិន្ទុប៉ុណ្ណោះ ពីការប្រកួតទាំង ៧លើករបស់ពួកគេ៕