កំពូលតារាឆ្នើមអាហ្សង់ទីន Lionel Messi បានចាប់ផ្តើមអាជីពរបស់ខ្លួនជាថ្មីនៅក្លឹប Paris Saint-Germain ដោយស៊ុតបញ្ចូលទី ១ គ្រាប់ក្នុងជ័យជម្នះ ២-០ របស់ក្លឹបទល់នឹង Manchester City មុនពេលបង្ហាញខ្លួនក្នុងការប្រកួតចាញ់ Rennes ២-០ កាលពីចុងសប្តាហ៍មុន ប៉ុន្តែកីឡាកររូបនេះមិនសោកស្តាយឡើយ ក្នុងការផ្លាស់ប្តូរទៅក្លឹបយក្សបារាំង។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទស្សនាវដ្តីបាល់ទាត់បារាំង Messi បាននិយាយជាលើកដំបូងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ចាប់តាំងពីចូលរួមជាមួយ PSG ហើយគាត់ជឿជាក់ថាគាត់បានធ្វើការសម្រេចចិត្តត្រឹមត្រូវ។ «ខ្ញុំមិនមានកំហុសក្នុងការទៅ PSG ទេ» គឺជាឃ្លាដែលលេចធ្លោពីបទសម្ភាសន៍របស់ Messi ដែលខ្លឹមសារទាំងស្រុងនឹងចេញផ្សាយនៅថ្ងៃសៅរ៍ទី ៩ ខែតុលាខាងមុខនេះ។
បញ្ជាក់ផងដែរថា ចាប់តាំងពីចូលរួមជាមួយ PSG ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំ Lionel Messi បានបង្ហាញខ្លួន ៥ប្រកួត ក្នុងការប្រកួតទាំងអស់របស់ក្លឹប និងរកបានមួយគ្រាប់៕