ខ្សែប្រយុទ្ធពោរពេញដោយបទពិសោធន៍ Edinson Cavani បានធ្វើការច្រានចោលវិញ រាល់ពាក្យចចាមអារាមទាំងឡាយ ដែលបាននិយាយថាខ្លួន កំពុងខិតជិតផ្ទេរទៅកាន់ក្លិប Real Madrid ស្របពេលខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះ បានទទូចថាមិនបានអាក់ចិត្ត ជុំវិញការមកដល់របស់កីឡាករ Cristiano Ronaldo នៅក្លិប Manchester United នោះឡើយ ។
ជាក់ស្តែង ឱកាសលេងរបស់កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ ហាក់បានធ្លាក់ចុះជាងមុន ដោយរូបគេអាចចូលលេងជម្រើសដំបូងត្រឹមតែ ១ ប្រកួតប៉ុណ្ណោះ ឲ្យក្រុមរបស់របស់លោក Ole Gunnar Solkjaer នៅគ្រប់ពានរង្វាន់ទាំងអស់ សម្រាប់រដូវកាលនេះ ។
ដោយសារតែចំនួនលេងមានកម្រិតបែបនេះហើយ ទើបធ្វើឲ្យ Cavani ត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្ទេរទៅលេងឲ្យក្រុម Real Madrid នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។
ទន្ទឹមនឹងនោះ Cavani ប្រាប់ ESPN ថា ៖ “ រដូវកាលទើបតែចាប់ផ្តើម ខ្ញុំមិនអាចនិយាយអំពីរឿងទាំងនោះបានទេ ។ ពួកគេបាននិយាយអំពីវាច្រើន ហើយពួកគេនឹងបន្តនិយាយពីវាតទៀត ជាពិសេសចំពោះសារមានព័ត៌មាន ដែលពួកគេត្រូវការមានរឿងចុះផ្សាយ ដើម្បីធ្វើជាផលប្រយោជន៍របស់ពួកគេ ” ៕