Park Ji-Sung ស្នើ​ឲ្យ​ឈប់​ច្រៀង​ចំរៀង​នេះ ក្រោម​ហេតុផល​ថា​…!

0

លោក Park Ji-Sung បាន​ស្នើ​ឱ្យ​អ្នកគាំទ្រ​ក្រុម​បិសាច​ក្រហម Manchester United បញ្ឈប់​ការ​ច្រៀង​ចំរៀង​នេះ ព្រោះ​វា​មានការ​ប្រមាថ​ជាតិ​សាសន៍​ដល់​ប្រជាជន​កូរ៉េ​។

អតីត​ខ្សែបម្រើ​របស់​ក្រុម​បិសាច​ក្រហម​រូប​នេះ បាន​និយាយ​ថា គាត់​ដឹង​ថា​អ្នកគាំទ្រ​មិន​ចង់​បង្ក​ឱ្យ​មានការ​អាក់អន់ចិត្ត ដោយ​រួម​បញ្ចូល​ទាំង​ការ​លើក​ឡើង​ពី​ជនជាតិ​កូរ៉េ ដែល​ហូប​សាច់​ឆ្កែ ប៉ុន្តែ​គាត់​និយាយ​ថា គាត់​ចង់​អប់រំ​អ្នកគាំទ្រ​អំពី​មូលហេតុ​ដែល​ប្រើ​ពាក្យ​នេះ វា​ធ្វើ​ឱ្យ​គាត់ និង​ជនរួមជាតិ​របស់​គាត់​ឈឺចាប់​។

គួរ​រំលឹក​ថា Ji-Sung បាន​និយាយ​បែប​នេះ បន្ទាប់​ពី​គាត់​បានលឺ​អ្នកគាំទ្រ​ច្រៀង​ចំរៀង​នៅ Molineux ក្នុង​ខែសីហា​នៅ​ពេល​ដែល Wolverhampton Wanderers បាន​បង្ហាញ​ពី​ការ​ចុះហត្ថលេខា​ថ្មី​របស់​ពួក​គេ​គឺ Hwang Hee-chan ។

ដោយ​លោក​ថា​៖”​ខ្ញុំ​ពិតជា​សុំ​ឱ្យ​អ្នកគាំទ្រ​ឈប់​ច្រៀង​ពាក្យ​នេះ​។ វា​បង្ក​ឱ្យ​មាន​ភាព​មិន​ស្រួល​ចិត្ត​ដល់​ប្រជាជន​កូរ៉េ នៅ​ពេល​ពួក​គេ​លឺ​បទ​ចំរៀង​នោះ​”​។

ជាមួយ​គ្នា​នោះ​ដែរ ក្រុម​បិសាច​ក្រហម Manchester United បាន​និយាយ​ថា ពួក​គេ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សំណើ​របស់ Park ហើយ​សុំ​ឱ្យ​អ្នកគាំទ្រ​គោរព​តាម​បំណងប្រាថ្នា​របស់​គាត់​។

សូម​បញ្ជាក់​ថា អតីត​ខ្សែបម្រើ​កូរ៉េ​ខាងត្បូង​វ័យ ៤០​ឆ្នាំ​រូប​នេះ បាន​ចំណាយពេល ៧ ឆ្នាំ​នៅ Old Trafford ចន្លោះ​ឆ្នាំ ២០០៥ និង ២០១២ ជា​កន្លែង​ដែល​គាត់​ឈ្នះ​ពានរង្វាន់ Premier League ៤ ដង Champions League និង League Cup បី​ដង​។ បន្ទាប់​ពី​ចាក ចេញ​គាត់​មានការ​ងារ​នៅ QPR និង PSV Eindhoven មុន​ពេល​គាត់​ចូល​និវត្តន៍​នៅ​ឆ្នាំ ២០១៤៕