បើតាមការឲ្យដឹងពីអ្នកសារព័ត៌មានអេស្ប៉ាញ លោក Sergigo Quirante របស់ស្ថាប័ន GOL បានប្រាប់ឲ្យដឹងថា ប្រធានក្លឹប Real Madrid លោក Florentino Perez បានឲ្យតម្រុយច្បាស់ៗមួយ កំឡុងពេលដើរចេញពីកីឡដ្ឋាន កាលពីថ្ងៃមុនថា នឹងមានចំណូលថ្មីដ៏សំខាន់ម្នាក់ ផ្ទេរមកក្លឹបនៅឆ្នាំក្រោយ ២០២២។
លោក Perez បាននិយាយ ថា៖ “Mbappe គេនឹងមកទីនេះនៅឆ្នាំក្រោយ” ជាការឆ្លើយតបទៅនឹងការចោទសួរ ពីឱកាសក្នុងការយកយុវជនវ័យ ២២ឆ្នាំ មកកាន់ទឹកដីអេស្ប៉ាញ។
មួយម៉ាត់យ៉ាងខ្លីតែមានន័យគ្រប់គ្រាន់ ល្មមស្អំបេះដូងអ្នកគាំទ្រ Real Madrid ឲ្យកាន់តែរីករាយចិត្ត និងកាន់តែចង់ឃើញវត្តមាន Mbappe ខណៈដែលខ្សែប្រយុទ្ធរបស់ក្លឹប PSG ត្រូវផុតកុងត្រាជាមួយក្លឹបអាណាព្យាបាលរបស់គេ ត្រឹមចុងខែមិថុនា ពោលគឺបញ្ចប់រដូវកាល ២០២១/២២។
គួរបញ្ជាក់ថា Blancos តាមយក Mbappe ច្រើនឆ្នាំហើយ ខណៈដែលរដូវកាលកន្លងទៅ ក៏កៀកនឹងយកបាន ដោយហ៊ានឲ្យតម្លៃ ១៧១ លានផោន នៅថ្ងៃចុងក្រោយមុនបិទទីផ្សារដោះដូរ ប៉ុន្តែដោយសារភាពចម្រូងចម្រាស រវាងភាគីក្លឹបសងខាង ទើបនាំឲ្យការផ្ទេរមិនអាចសម្រេចទៅបានវិញ៕