ខ្សែការពារ Antonio Rudiger ត្រៀមនឹងផុតកុងត្រានៅចុងខែ មិថុនា ឆ្នាំ ២០២២ ខាងមុខ ហើយទំនងជាចាកចេញទឹកដី Stamford Bridge ដែលមានភាគរយខ្ពស់អាចនឹងមានក្រុមយក្សចំនួន ៣ចរចាយកគេ រួមមាន Real Madrid, PSG និង Barcelona។
លោក Tuchel ក្រោយដឹងស្ថានការណ៍មិនស្រួលបែបនេះ ពួកគេក៏បានដាក់ឈ្មោះកីឡាករមួយចំនួន ក្នុងបញ្ជីត្រៀមនាំចូលហើយដែរ តែអាទិភាពធំគឺកំពុងផ្តោតលើខ្សែការពារនៅក្លឹប Juventus កីឡាករ Matthijs de Ligt។
ដំបូងឡើយ លោក Thomas Tuchel គ្រោងនឹង នាំយក Jules Kounde តែខាង Sevilla អត់ព្រមលក់ទាល់តែសោះ ដល់ឥឡូវបែរមកមើល De Ligt តែត្រូវការចាយលុយធំ ដោយសម្លឹងលើការទិញផ្តាច់កុងត្រាតែម្តង។
តាមការឲ្យដឹងពីសារព័ត៌មាន Calciomercato ចុះផ្សាយថាខ្សែការពារហូឡង់ នឹងមានតម្លៃផ្តាច់កុងត្រា ១០៣ លានផោន ដំណើរការចាប់ពីចុងខែ មិថុនា ឆ្នាំក្រោយតទៅនេះ បើផ្អែកតាមការកំណត់ក្នុងកិច្ចព្រមព្រៀង រវាងភាគីក្លឹប Juventus និងកីឡាករ។
ដូច្នេះមានន័យថា Juventus មិនចង់លក់ក៏ Chelsea នៅតែអាចយក de Ligt បានដែរ ប្រសិនហ៊ានចាយ ១០៣ លានផោន ៕