បច្ចុប្បន្នក្រុមបាល់ទាត់ជម្រើសជាតិ ដែលមានកីឡាករពោរពេញដោយគុណភាពច្រើនជាងគេ គឺអាចនិយាយថាតោកំណាចអង់គ្លេស ព្រោះគ្រាន់តែឈុតបម្រុងរបស់ពួកគេ សឹងតែអាចរៀបជាឈុតនៃជម្រើសជាតិធំថ្មីមួយទៀតបាន។ ដូច្នេះហើយរាល់ការសម្រេចចិត្តរបស់លោក Gareth Southgate ក្នុងការដាក់នរណា ដកនរណា វាតែងតែទទួលបានមតិពេញចិត្ត និងមតិរិះគន់មិនតិចនោះដែរ។
ថ្មីៗនេះលោក Jose Mourinho ជាអ្នកចាត់ការនៅក្លឹប AS Roma បានបង្ហាញការមិនពេញចិត្តទៅលើចំណាត់ការរបស់គ្រូធំអង់គ្លេសថា បានមើលរំលងសមត្ថភាពរបស់គ្រាប់ពេជ្រ Tammy Abraham។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះបាននិយាយថា៖ “ខ្ញុំកំពុងព្យាយាមកែខៃ បង្កើតខ្សែប្រយុទ្ធដ៏លេចធ្លោមួយ ចេញពីសមាជិករបស់លោក Gareth Southgate ដោយគាត់មានក្រសែភ្នែកមិនល្អនោះទេ ការដែលមិនបន្តហៅឲ្យ Abraham ទៅចូលរួមនៅជម្រើសជាតិ”។
លោកបន្តថា៖ “ដូច្នេះហើយខ្ញុំណែនាំឲ្យ Abraham គេគួរតែប្តូរទៅជម្រើសជាតិដទៃទៅ គេសក្តិសមនឹងទទួលបានពេលវេលាលេងច្រើនជាងនេះ ជាមួយឈ្មោះរបស់គេ”។
ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះ កាលនៅក្លឹបតោខៀវ Chelsea គេមិនសូវទទួលបានឱកាសលេងនោះទេ លុះមកដល់ក្លឹប Roma ក៏ត្រូវបានលោក Mourinho ដាក់ឲ្យលេងគ្រប់គ្រាន់ ហើយស្ថិតិ ៦ ប្រកួតកន្លងទៅគេរកបាន ២ គ្រាប់ និង Assist ២ លើក។ ជាមួយជម្រើសជាតិអង់គ្លេស Abraham បង្ហាញខ្លួនលើកចុងក្រោយនៅប្រកួតផ្លូវការ FIFA World Cup 2018 ពោល Euro កន្លងទៅលោក Southgate មិនបានផ្តល់ឱកាសសម្រាប់គេឡើយ៕