អតីតអ្នកចាត់ការក្លិប Inter Milan លោក Antonio Conte បានអះអាងថា ខ្សែការពារ Achraf Hakimi មានបំណងចង់ត្រលប់ទៅ Real Madrid វិញនៅថ្ងៃណាមួយ។
Hakimi ត្រូវបានបណ្ដុះបណ្ដាលចេញពីថ្នាលរបស់ក្លិបអធិរាជស ហើយបានដំឡើងមកកាន់ក្រុម Castilla ដែលជាឈុត B មុនពេលមានឱកាសលេងនៅក្នុងក្រុមធំ ដែលគេបានចូលរួមលេងនៅលីគកំពូលអេស្ប៉ាញ La Liga បាន៩ប្រកួត ក្នុងរយៈពេល ៣ឆ្នាំ។
ក្នុងឆ្នាំ ២០២០ កីឡាករជម្រើសជាតិម៉ារ៉ុករូបនេះ បានចាកចេញពី Real Madrid ទៅចូលរួម Inter Milan ដោយបានឈ្នះពានរង្វាន់ Serie A ក្នុងរដូវកាល ២០២០-២១ ក្រោមការបង្វឹកដោយលោក Conte មុនពេលផ្ទេរទៅចូលរួម Paris Saint-Germain ក្នុងតម្លៃ ៦០លានអឺរ៉ូក្នុងរដូវក្ដៅនេះ។
ទោះយ៉ាងណា លោក Conte បានទម្លាយពីបំណងរបស់ ខ្សែការពារស្លាបស្ដាំរូបនេះ ប្រាប់សារព័ត៌មាន Sky Italia ថា៖ “ក្ដីស្រមៃរបស់ Hakimi គឺត្រលប់ទៅលេងនៅ Real Madrid វិញ”។
តាមស្ថានភាពបច្ចុប្បន្ន Real Madrid មិនចង់បាន Hakimi ត្រលប់ទៅវិញទេ ប៉ុន្ដែជាមិត្តរួមក្រុមរបស់គេនៅ PSG គឺ Kylian Mbappe ទៅវិញដែលក្លិបអធិរាជស តែងតែចង់បានមកជួយពង្រឹងនៅតំបន់ប្រយុទ្ធ៕