ខ្សែការពារកណ្តាលរបស់ក្លិប Lyon កីឡាករ Jerome Boateng នឹងចូលខ្លួនទៅតុលាការ នៅទីក្រុង Munich នៅថ្ងៃព្រហស្បតិ៍ទី ៩ ខែកញ្ញានេះ ដើម្បីឆ្លើយសំណួរទាក់ទងនឹងអំពើហឹង្សាក្នុងគ្រួសារតាំងពីឆ្នាំ ២០១៨។ ហើយប្រសិនបើតុលាការរកឃើញពិរុទ្ធភាព ការដាក់ទណ្ឌកម្មអតិបរមាអាចជាប់ពន្ធនាគារ ៥ ឆ្នាំ។
សវនាការត្រូវបានពន្យារពេល ដោយសារសាក្សីធ្វើតេស្តវិជ្ជមានកូវីដ-១៩ ហើយមេធាវីរបស់ Boateng បានបញ្ជាក់ថា គាត់នឹងចូលខ្លួនទៅតុលាការនៅថ្ងៃទី ៩ ខែកញ្ញានេះ។ អតីតដៃគូរបស់ Boateng ដែលមានឈ្មោះ Sherin S បានចោទប្រកាន់គាត់ពីបទចាប់រំលោភនាង អំឡុងពេលឈ្លោះប្រកែកគ្នាដោយហិង្សាកាលពីបីឆ្នាំមុន នៅថ្ងៃឈប់សម្រាក។
គួរជម្រាបថា ខ្សែការពារអាល្លឺម៉ង់វ័យ ៣៣ ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុម Bayern Munich ក្នុងឆ្នាំ ២០១១ ហើយបានក្លាយជាជើងឯកអ៊ឺរ៉ុបជាមួយក្លឹប ដោយចាប់ផ្តើមនៅវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០១៣ ខណៈដែលគាត់ក៏ជាផ្នែកមួយនៃក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៤ ។
បច្ចុប្បន្ន Bayern អនុញ្ញាតឱ្យកិច្ចសន្យារបស់ Boateng ផុតកំណត់នៅរដូវក្តៅនេះហើយ និងបានផ្លាស់ប្តូរមកកាន់ក្លិប Lyon កាលពីថ្ងៃទី ១ ខែកញ្ញាកន្លងមកនេះ៕