កីឡាករ Romelu Lukaku នឹងត្រឡប់មកក្រុមតោខៀវ Chelsea វិញ ជាមួយនឹងបញ្ហារបួសតូចតាច ដោយរូបគេនឹងត្រូវធ្វើការពិនិត្យស្កេនត្រង់តំបន់ភ្លៅ មុនពេលវិលត្រឡប់មកកាន់ទឹកដី Stamford Bridge ក្រោយពីបានបំពេញកាតព្វកិច្ចអន្តរជាតិ។
គួររំលឹកថា ខ្សែប្រយុទ្ធប៊ែលហ្សិកវ័យ ២៨ ឆ្នាំរូបនេះ បានវិលត្រឡប់មកចូលរួមជាមួយអតីតក្លិបចាស់របស់ខ្លួនវិញ ក្នុងកិច្ចព្រមព្រៀង ៩៨ លានផោន (១៣៦ លានដុល្លារ) ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
ជាការពិតណាស់ Lukaku ត្រូវបានគេរំពឹងថា នឹងជម្រុញការប្រកួតប្រជែងដណ្តើមពានរង្វាន់ក្របខ័ណ្ឌ Premier League សម្រាប់ក្រុមរបស់លោក Thomas Tuchel នៅរដូវកាលនេះ ហើយក្រុមតោខៀវ Chelsea នឹងមានជំនួបមួយ នៅថ្ងៃសៅរ៍ នេះនៅឯផ្ទះ Aston Villa ផងដែរ៕