ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ ត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដឹកនាំដោយ លោក សេង ឈួន រដ្ឋលេខាធិការ អមដំណើរដោយលោក ឯក រដ្ឋ អនុរដ្ឋលេខាធិការ លោក គឹម សាន់ អនុរដ្ឋលេខាធិការ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការឃាត់ត្រួតពិនិត្យ យានយន្តដឹកខ្សាច់ចំនួន ៥គ្រឿង ដែលដឹកលើសចាប់ពី ១៥តោន ដល់ ២២តោន បានធ្វើការផាកពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំ ដោយសារផ្ទុកទម្ងន់លើសពី ២០% នៃទម្ងន់អនុញ្ញាត អនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។
គួរបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើនៅលើផ្លូវជាតិលេខ៧៨ ក្នុងភូមិអូរកន្សែង ឃុំបឹងកន្សែង ស្រុកបានលុង ខេត្តរតនគិរី។
ដោយឡែក យានយន្តដឹកខ្សាច់ធុនធ្ងន់ ផ្ទុកទម្ងន់សរុប ៧០តោន ១គ្រឿងទៀត ដែលផ្ទុកលើស៣០តោន បានធ្វើការផាកពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដោយសារផ្ទុកទម្ងន់លើសពី ២០% នៃទម្ងន់អនុញ្ញាត អនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។
ក្រសួងសូមរំលឹកជូន ដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ទាំងអស់ម្តងហើយ ម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តតាមបទប្បញ្ញត្តិច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការដឹក ជញ្ជូនលើសទម្ងន់កម្រិតកំណត់ យ៉ាងដោយគ្មានការលើកលែងឡើយ៕