Lionel Messi ពិតជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់មែន ដែលបានរួចផុតពីការរងរបួសយ៉ាងធ្ងន់ប៊ិះនឹងពិការជើង បន្ទាប់ពីប៉ះទង្គិចជាមួយក្រុមវ៉េណេស៊ុយអេឡាក្នុងវគ្គជម្រុះ World Cup ២០២២ ខណៈដែលក្រុមជម្រើសជាតិអាហ្សង់ទីន ទទួលបាន ៣ ពិន្ទុជាមួយនឹងជ័យជម្នះ ៣-១ លើក្រុមម្ចាស់ផ្ទះកាលពីថ្ងៃព្រហស្បតិ៍។
Messi ប៉ះទង្គិចជាមួយខ្សែការពារ Martinez ខណៈដែល រូបគេបានអូសបាល់ចូលក្នុងតំបន់គ្រោះថ្នាក់ ក៏ត្រូវខ្សែការពាររូបនេះ ស្ទុះទៅឈូសជើងធាក់ចំជើងឆ្វេង Messi កោងថយក្រោយសឹងតែបាក់ ហើយបានដួលទៅនឹងដីដែលធ្វើឱ្យមិត្តរួមក្រុម និងអ្នកគាំទ្រភ័យខ្លាចចំពោះស្ថានភាពរបស់គេយ៉ាងខ្លាំង។
គួរបញ្ជាក់ថា Martinez ទើបតែប្ដូរចូលជំនួសកីឡាករ Jose Velazquez បានពីរនាទី មុនពេលដែលរូបគេបានធ្វើការវាយប្រហារទៅលើ Messi។ ដំបូងឡើយខ្សែការពារវ័យ ២៨ ឆ្នាំរូបនេះ ត្រូវបានពិន័យកាតលឿង ចំពោះកំហុស ប៉ុន្តែត្រូវបានបន្ថែមកាតក្រហម បណ្តេញចេញភ្លាមៗ បន្ទាប់ពីអាជ្ញាកណ្ដាល ពិនិត្យមើល VAR ។
ទោះជាយ៉ាងណាក៏ដោយ Messi នៅតែអាចបន្តការប្រកួតនៅសល់ ប៉ុន្តែមិនអាចរកគ្រាប់បាល់វាយបកយកឈ្នះវេណេស៊ុយអេឡាបានឡើយ។ ជាលទ្ធផល ក្រុមជម្រើសជាតិអាហ្សង់ទីន ទទួលជ័យជម្នះលើក្រុមជម្រើសជាតិវេណេស៊ុយអេឡា ៣-១ ស្ថិតនៅលេខ ២ តាមពីក្រោយប្រេស៊ីល ៦ ពិន្ទុ៕
សូមទស្សនាវីដេអូខាងក្រោម៖