កីឡាករ Aaron Wan-Bissaka របស់ក្រុមបិសាចក្រហម Manchester United បានសារភាពទោសកំហុស ចំពោះការបើកឡាន Lamborghini Urus តម្លៃ ១៦០.០០០ ផោនដោយគ្មានបណ្ណបើកបរ និងគ្មានការធានារ៉ាប់រង។
គួរជម្រាបថា ខ្សែការពារស្តាំអង់គ្លេសវ័យ ២៣ ឆ្នាំរូបនេះ ត្រូវបានផាកពិន័យម្តងរួចមកហើយ ដោយប៉ូលីសតាមដងផ្លូវ ចំពោះការបើកបរលើសល្បឿនកំណត់ ដែលនាំឱ្យមានការឃាត់ និងដកហូតបណ្ណបើកបររបស់គេ។
ដោយឡែក Aaron Wan-Bissaka បានជិះឡាន Lamborghini Urus តម្លៃ ១៦ ម៉ឺនផោនរបស់គេនៅថ្ងៃទី ២៣ ខែមិថុនា កន្លងមកនេះ ដែលត្រូវបានត្រួតពិនិត្យដោយប៉ូលីសតាមដងផ្លូវ និងបានបង្ហាញថា រូបគេធ្លាប់ត្រូវបានហាមឃាត់មិនឱ្យបើកបររួចទៅហើយ។
ការផ្តន្ទាទោសបន្ថែម ចំពោះបទល្មើសចុងក្រោយនេះ នឹងអាស្រ័យលើលទ្ធផល នៃសវនាការមុនរបស់តុលាការ ដែលត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុង Manchester នៅពេលដែលករណីទាំងពីរអាចត្រូវបានបញ្ជូនទៅតុលាការដោយចៅក្រម Skipton។ តែទោះជាយ៉ាងណា Bissaka ត្រូវបានធានាឱ្យនៅក្រៅឃុំ ដោយគ្មានលក្ខខណ្ឌរហូតដល់ចុងខែនេះ៕