Goal បានបញ្ជាក់ថា Lionel Messi និង Neymar ត្រូវបានអវត្តមានពីក្រុម Paris Saint-Germain របស់គ្រូបង្វឹក Mauricio Pochettino សម្រាប់ការប្រកួតក្របខ័ណ្ឌ Ligue 1 ជាមួយក្រុម Brest នៅថ្ងៃសុក្រនេះ។
ក្រុមរបស់លោក Pochettino នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Stade Francis-Le Ble ដោយ Messi នឹងខកខានការប្រកួត ដោយសារតែគាត់នៅកំពុងតែហ្វឹកហាត់ និងត្រួតពិនិត្យសុខភាព បន្ទាប់ពីថ្ងៃឈប់សម្រាករដូវក្តៅរបស់គាត់។
កំពូលតារាស៊ុតជើងឆ្វេង សញ្ជាតិអាហ្សង់ទីនរូបនេះ បានចូលរួមជាមួយ PSG ក្នុងការផ្ទេរដោយឥតគិតថ្លៃខ្លួន បន្ទាប់ពីការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់ពីបាសេឡូណា នៅដើមខែនេះ ដោយបានចូលរួមជាមួយអតីតមិត្តរួមក្រុមរបស់គាត់ គឺ Neymar និង Leandro Paredes ដែលពួកគេទាំងពីរនាក់ ទើបតែត្រលប់មកហ្វឹកហាត់ពេញលេញវិញ។
PSG អាចនាំមុខ ៣ ពិន្ទុដាច់នៅលើកំពូលតារាង Ligue 1 ជាមួយនឹងជ័យជម្នះជាលើកទី ២ ជាប់ៗគ្នា ខណៈដែលលោក Pochettino ព្យាយាមនាំយកពានរង្វាន់នេះត្រលប់ទៅ Parc des Princes វិញ បន្ទាប់ពីពួកគេបានបរាជ័យយ៉ាងគួរឱ្យភ្ញាក់ផ្អើល ក្នុងការប្រជែងដណ្តើមពានរដូវកាលមុនក្រោមថ្វីជើងក្រុម Lille៕