ការចាកចេញរបស់ David Luiz និង William Saliba នោះមានន័យថា Arsenal ត្រូវការពង្រឹងតំបន់ការពារជាចាំបាច់ ដូច្នេះទើបក្លឹបសម្រេចចិត្តចុះកុងត្រានាំយក ខ្សែការពារកណ្តាលរបស់ Brighton គឺកីឡាករ Ben White។
ខ្សែការពារវ័យ ២៣ឆ្នាំដែលធ្លាប់លេងឱ្យ Newport County, Peterborough United និង Leeds កាលពីអតីតកាល បានចូលរួមជាមួយក្រុមកាំភ្លើងធំ ជាថ្នូរនឹងទឹកប្រាក់ ៥៨លានអឺរ៉ូ។ លោក Mikel Arteta គ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិបថា៖ «Ben គឺជាគោលដៅកំពូលសម្រាប់យើង ហើយវាពិតជាអស្ចារ្យដែលយើង បានបញ្ចប់ការចុះហត្ថលេខារបស់គាត់»។
បញ្ជាក់ផងដែរថា Ben White គឺជាកីឡាករទី ៣ហើយសម្រាប់ក្លឹបកាំភ្លើងធំ Arsenal នារដូវកាលថ្មីនេះ បន្ទាប់ពីការមកដល់របស់ Sambi Lokonga និង Nuno Tavares៕