Toni Kroos ប្រកាស​ចូល​និវត្ត​ពី​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​

0

ខ្សែបម្រើ​របស់​ក្លិប​អធិរាជ​ស Toni Kroos បាន​ប្រកាស​ចូល​និវត្ត​ពី​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ បន្ទាប់​ពី​ការ​ប្រកួត​ចាញ់​ក្រោម​ថ្វី​ជើង​ក្រុម​តោ​កំណាច​អង់គ្លេស ២-០ ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ EURO 2020​។

ជា​ការ​ពិត​ណាស់ អតីត​កីឡាករ​របស់ Bayern Munich រូប​នេះ នឹង​គ្មាន​វត្តមាន​លើ​ទីលាន​ប្រកួត​សម្រាប់​ក្រុម​ឥន្ទ្រី​យ៍​ដែក​អា​ល្លឺ​ម៉​ង់ ក្នុង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup 2022 ដែល​នឹង​ធ្វើ​នៅ​ប្រទេស​កា​តារ ឡើយ​។

Kroos បាន​សរសេរ​សារ​មួយ ដែល​រៀបរាប់​ពី​ការ​បញ្ចប់​អាជីព​ដ៏​ជោគជ័យ​របស់​ខ្លួន សម្រាប់​ក្រុម​ជម្រើសជាតិ ដោយ​គេ​បាន​រួមចំណែក​ជួយ​ក្រុម​លោក Joachim Low ឈ្នះ World Cup 2014 នៅ​ប្រទេស​ប្រេ​ស៊ី​ល​។

ខ្សែបម្រើ​អា​ល្លឺ​ម៉​ង់​វ័យ ៣១​ឆ្នាំ​រូប​នេះ បាន​បង្ហាញខ្លួន​ក្នុង​ក្រុម​ធំ​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ក្នុង​ឆ្នាំ ២០១០ ទល់​នឹង​អា​ហ្ស​ង់​ទី​ន ដែល​ជា​ក្រុម​បរាជ័យ​ទល់​នឹង​អា​ល្លឺ​ម៉​ង់ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2014 ហើយ​គេ​ស្ថិត​នៅ​ក្នុង​ជម្រើស​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​ចាប់តាំងពី​ពេល​នោះ​មក​៕