ទីបំផុត Ramos បញ្ចប់និស្ស័យជាមួយ​អធិរាជ​ស

0

ក្លិប​អធិរាជ​ស Real Madrid បាន​ប្រកាស​ជា​ផ្លូវការ​ថា ខ្សែការពារ Sergio Ramos នឹង​ចាក​ចេញពី​ក្លិប​នៅ​រដូវក្ដៅ​នេះ​ដោយ​គ្មាន​តម្លៃ​ខ្លួន បន្ទាប់​ពី​ចំណាយពេល​១៦​ឆ្នាំ​នៅ​ទឹកដី Santiago Bernabeu ហើយនឹង​មាន​រៀបចំ​ពិធី​លាគ្នា​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​។

សូម​ជម្រាប​ថា Ramos នឹង​អស់​សុ​ពុល​ភាព​កុងត្រា​ជាមួយ​ក្លិប​នៅ​ចុងខែ​មិថុនា​នេះ​ហើយ ដោយ​មិន​មានការ​បន្ត​កុងត្រា​ថ្មី​ទេ បើ​ទោះបីជា​កន្លង​មក Real Madrid បាន​ស្នើ​កុងត្រា​ថ្មី​ដល់​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ​ចំនួន​១​ឆ្នាំ​ អម​ជាមួយ​ការ​កាត់​ប្រាក់​ឈ្នួល​១០​ភាគរយ​ក៏​ដោយ​ ខណៈ​ដែល Ramos ទាមទារ​កុងត្រា​ចំនួន​២​ឆ្នាំ​។

Sergio Ramos បាន​ចូល​លេង​ដល់​ទៅ​៦៧១​ប្រកួត និង​រកបាន​១០១​គ្រាប់ ក្រោយ​ផ្ទេរ​ពី Sevilla មក Real Madrid ក្នុង​ឆ្នាំ​២០០៥ ដោយ​គេ​បាន​ដឹកនាំ​ក្រុម​ឈ្នះ​ពាន La Liga ៥​ដង ​,Champions League ៤​ដង និង Copa Del Rey ២​ដង ឯ​សម្រាប់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​វិញ​ គឺ​គេ​បាន​បង្ហាញខ្លួន​ដល់​ទៅ​១៨០​ប្រកួត ក្លាយជា​កីឡាករ​ដែល​លេង​ឲ្យ​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។

យ៉ាងណាមិញ គេ​មិន​ទាន់​ច្បាស់​ទេ​ថា Ramos អាច​នឹង​ទៅ​ចូលរួម​ជាមួយ​ក្លិប​ណា​បន្ត​ទៀត ប៉ុន្តែ​កន្លង​មក​មាន​ក្លិប Manchester United ,Manchester City និង Paris Saint-Germain ចាប់អារម្មណ៍​លើ​រូបគេ ស្រប​ពេល Real Madrid មាន​ខ្សែការពារ​មក​ជំនួស​កីឡាករ​វ័យ​៣៤​ឆ្នាំ​នេះ​ហើយ ​គឺខ្សែការពារ David Alaba ដែល​ផ្ទេរ​មក​ដោយ​គ្មាន​តម្លៃ​ខ្លួន​ពី Bayern Munich៕