លោក Paulo Fonseca អតីតអ្នកចាត់ការទូទៅរបស់ក្លិប Roma បានព្រមព្រៀង ធ្វើជាអ្នកចាត់ការថ្មីរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur សម្រាប់រយៈពេល ២ឆ្នាំ ។
ជាការពិតណាស់ Spurs បានចំណាយពេលយូរណាស់មកហើយ ក្នុងការស្វែងរកគ្រូបង្វឹក ដើម្បីមកបន្តតំណែងលោក Jose Mourinho ក្នុងនោះពួកគេធ្លាប់ដាក់គោលដៅចង់បាន លោក Brendan Rodgers, Hans Dieter Flick និង Julian Nagelsmann ជាដើម។
ខណៈកាលពីពេលថ្មីៗ កន្លងទៅនេះ Spurs ក៏បានធ្វើការចរចាជាមួយអតីតគ្រូបង្វឹកក្រុម Chelsea និង Inter Milan លោក Antonio Conte ផងដែរ ប៉ុន្តែការចរចារវាងប្រធានក្លិប លោក Daniel Levy និងគ្រូបង្វឹកសញ្ជាតិអ៊ីតាលី មិនត្រូវរូវគ្នា ។
សូមបញ្ជាក់ថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ ៤៨ឆ្នាំលោក Fonseca បានដឹកនាំ Roma ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ Europa League កាលពីរដូវកាលមុន ប៉ុន្តែក្រោយបញ្ចប់រដូវកាល លោកក៏ត្រូវបាន Roma បញ្ចប់តួនាទី ជំនួសមកវិញ ដោយលោក Mourinho ដែលជាអតីតគ្រូ Spurs នេះឯង៕