ភ្នំពេញ៖ នាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានជំរុញឱ្យ ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យថ្មី រឹតបន្តឹងសភាពការ នៅតាមបន្ទាត់ព្រំដែន ដោយត្រូវសហការជាមួយភាគីថៃ ទប់ស្កាត់ឲ្យបានរាល់បទល្មើសផ្សេងៗ តាមបន្ទាត់ព្រំដែន។
ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា «ដើម្បីរក្សាបាននូវសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្នងការដែលទើបទទួលតំណែងថ្មី ត្រូវរឹតបន្តឹងសភាពការ នៅតាមបន្ទាត់ព្រំដែន ដោយត្រូវសហការ ជាមួយភាគីថៃទប់ស្កាត់ឲ្យបាន រាល់បទល្មើសផ្សេងៗ តាមបន្ទាត់ព្រំដែន ពិសេសករណីរត់ពន្ធគ្រឿងញៀន ដែលលជាចំនុចមួយ ដែលសមត្ថកិច្ចត្រូវធ្វើការទប់ស្កាត់ បង្ក្រាបឲ្យបានកុំឲ្យមាន ការហូរចូលមកទឹកដីកម្ពុជា នឹងត្រូវបន្តក្តាប់ ឲ្យបាននូវសភាពការ តាមព្រំដែន ទប់ស្កាត់ការរត់ពន្ធទំនិញ ខុសច្បាប់ផ្សេងៗ ពិសេសការលួចឆ្លងដែនខុសច្បាប់ របស់ពលករកម្ពុជា ដើម្បីទៅធ្វើការនៅប្រទេសថៃ ត្រូវរួមចំណែក។ »
សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ អាត់ ខែម ដែលត្រូវបានដាក់ អោយចូលនិវត្តន៍ និងត្រូវបានតែងតាំង ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានជំរុញអោយស្នងការ ដែលតែងតាំងថ្មី ត្រូវចាត់ទុកខេត្តបន្ទាយមានជ័យ ជាខេត្តគំរូមួយ ទាំងការអនុវត្តវិន័យ ទាំងកងកម្លាំងអន្តរាគមន៍ ការចល័តទ័ព និងមធ្យោបាយប្រើប្រាស់ ជាពិសេសកម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ ជាគំរូល្អមួយ ក្នុងការចុះជួយប្រជាពលរដ្ឋ នៅពេលមានគ្រោះអាសន្ន អន់ក្រ ដូចជាខ្យល់ព្យុះ ទឹកជំនន់ ប្រក់ផ្ទះ លើកផ្ទះ ជួយច្រូតស្រូវក្នុងទឹកផងដែរ ។
អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍បន្ថែមថា ជោគជ័យទាំងអស់ ត្រូវតែមានការសហការជាមួយ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ហើយថែមទាំងមានការចូលរួមពីប្រជាពលរដ្ឋផងដែរ។
ពាក់ព័ន្ធជាមួយនឹងសន្តិសុខជាតិ អគ្គស្នងការនគរបាលជាតិ ក៏បានជម្រុញ អោយស្នងការថ្មី ត្រូវចេះព្យាករណ៍នូវសភាពការ ដែលកើតមានឡើង នៅពេលខាងមុខ ជាពិសេសពួកឧទ្ទាមអមិត្ត មិនដែលបោះបង់បំណងបំផ្លាញ រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំអោយមានបាតុកម្ម ជាពិសេសគឺមិនអនុញ្ញាត អោយជនទាំងនោះមកបំផ្លាញ សេចក្តីសុខប្រជាពលរដ្ឋនោះឡើយ ។ ក្នុងនាមជាស្នងការថ្មី ត្រូវជួយ ដោះស្រាយ ទុកកង្វល់ របស់ប្រជាពលរដ្ឋ អ្វីដែលជាទុក្ខព្រួយ របស់ប្រជាពលរដ្ឋ ករណីបទល្មើស លួច ឆក់ ប្លន់នៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជួយទប់ស្កាត់បញ្ហាគ្រឿងញៀន ទប់ស្កាត់កុំអោយមានការរីករាលដាល ជាពិសេសខេត្ត នៅជាប់ព្រំដែន ផងនោះ ត្រូវជួយដោះស្រាយសំដៅ កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលជាក្តីកង្វល់ របស់ប្រជាពលរដ្ឋ ត្រូវជួយផ្សព្វផ្សាយអប់រំច្បាប់ និងអប់រំដល់អ្នកដែលកាន់ចង្កូតផ្ទាល់ ដើម្បីអោយពួកគាត់ បានយល់រួមចំណែកក្នុងការ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ជាចុងក្រោយ នាយឧត្តមសេនីយ៍ នេត សាវឿន បានផ្តាំផ្ញើអោយស្នងការថ្មី ចំនួន៥ចំនុច ដើម្បីអនុវត្តក្នុងតួនាទី ភារកិច្ចទទួលបានជោគជ័យ៖
ទី១-ស្នងការថ្មីត្រូវពង្រឹង តួនាទីដឹកនាំ ដោយផ្សារភ្ជាប់ និង៣បញ្ហា ត្រួវទទួលខុសត្រូវខ្ពស់ជាងគេ ត្រូវចាត់ទុកខ្លួនឯងជាអាណាព្យាបាល ជាអ្នកដឹកនាំត្រូវកសាងមនោសញ្ជេតនាក្នុងអង្គភាព ចុះសាកសួរសុខទុក្ខ នៅពេលមានមន្ត្រីឈឺស្កាត់ អនុវត្តតាមសមាគមមិត្តនគរបាល ត្រូវធ្វើជាគំរូគេក្នុងការបំពេញភាកិច្ច ប្រចាំការ ប្រចាំបញ្ជាចុះជាប់ជាប្រចាំជាមួយបងប្អូន។
ទី២-ត្រូវធ្វើជាសេនាធិការ គ្រប់ជ្រុងជ្រោយ ដល់គណៈបញ្ជាការឯកភាព ដើម្បីបំពេញការងារ សំដៅការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។
ទី៣-ត្រូវជួយលើកកម្ពស់សេវាចាំបាច់ដើម្បីបំរើជូនប្រជាពលរដ្ឋ ការបំពេញលិខិតស្នាមរដ្ឋបាល និងធ្វើកិច្ចការដោយស្មោះត្រង់ដោយឥតលក្ខខណ្ឌ និងទទួលខុសត្រូវ មិនកោសរូសចាត់ទុកប្រជាពលរដ្ឋជាឪពុកម្តាយ។
ទី៤-ពង្រឹងគុណភាពស្នងការ និងមន្ត្រីនគរបាលទាំងអស់ ក្នុងនាមជាកងកម្លាំងត្រូវមានសមត្ថភាព វិន័យ គុណធម៌ សីលធម៌សូមអោយយកចិត្តទុកដាក់បំប៉នការរៀនសូត្រ។
ទី៥-ត្រូវពង្រឹងសាមគ្គីភាព សហការ ការហ្វឹកហាត់ ក្រោមដំបូលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ត្រូវរួមរួមគ្នាដើម្បីទទួលបានភាពជោគជ័យ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។
ទន្ទឹមនឹងនោះ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំអោយ អាជ្ញាធរត្រូវចាត់កម្លាំងយាមកាម ឲ្យបានល្អប្រសើរ ដើម្បីធានារក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋ ភ្ញៀវជាតិ- អន្តរជាតិ នៅតាមគោលដៅទីវត្តអារាម តាមផ្លូវជាតិ តំបន់ទេសចរណ៍ និងរម្មណីដ្ឋាននានា និងត្រូវប្រកាន់ភ្ជាប់ នៅវិធានការអនាម័យ ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល៕