ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកវាលវែង ខេត្តពោធិសាត់ ចាប់ខ្លួនបាន តាមដីកាបង្គាប់អោយចាប់ខ្លួន លេខ២៥៦ដបកខចុះថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៣របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ពីបទឃាតកម្មកាលពីថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ ២០១២ តាមមាត្រាលេខ១៩៩ នៃច្បាប់ព្រហ្មទណ្ឌ បន្ទាប់ពីជនសង្ស័យ ធ្វើសកម្មភាពរួចបានរត់ មកសំងំលាក់ខ្លួន នៅក្នុងមូលដ្ឋានស្រុកវាលវែង ខេត្តពោធិសាត់។
អធិការនគរបាលស្រុកវាលវែង លោកវរសេនីយ៍ឯកធាង ឡេង បានឲ្យ ដឹង ថា ជនសង្ស័យ ដែលសមត្ថកិច្ចរបស់ លោកចាប់ខ្លួនបាន តាមដីកាបង្គាប់អោយចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបងនោះ មានឈ្មោះច្រាញ អឿមភេទប្រុសអាយុ ៣៥ ឆ្នាំរស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបងហើយបានមកសំងំលាក់ខ្លួននៅភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ ដោយប្តូរអត្តសញ្ញាណ ហើយត្រូវបានសមត្ថ្ចកិច្ច នគរបាលស្រុកវាលវែង ស្រាវជ្រាវ ឈានដល់ការចាប់ខ្លួន បានកាលពីវេលាម៉ោង៧៖៣៨នាទីព្រឹកថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២០នេះ។
លោកអធិការដដែល ក៍បានអោយដឹងទៀតថា បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ខាននគរបាលស្រុកវាលវែង រង់ចាំប្រគល់-ទទួល អោយទៅស្នងការដ្ខាននគរបាលខេត្តបាត់ដំបង យកទៅចាត់ការបន្តទៅតាមនិតិវិធី ៕