គយរឹតបន្តឹង ការនាំចូលស្រានិងបារី ដើម្បីបង្កើនចំណូលពន្ធនិងទប់ស្កាត់អំពើរត់គេចពន្ធ (Video)

0

ភ្នំពេញ៖ លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយកំណត់ជា បណ្ដោះអាសន្ន នូវមាត់ច្រកនាំចូលមុខទំនិញស្រា និងបារីគ្រប់ប្រភេទ។

យោងតាមលិខិតរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាព នៃការប្រមូលចំណូលពន្ធ និងអាករលើមុខទំនិញ ដែលមានវេទយិតភាព លើចំណូល និងរួមចំណែកទប់ស្កាត់ អំពើរត់គេចពន្ធ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកំណត់ជាបណ្ដោះអាសន្ន នូវមាត់ច្រកនាំចូល សម្រាប់មុខទំនិញស្រា (ដែលមានជាតិអាល់កុល លើសពី១០%) និងបារី (ស្ថិតក្នុងទីតាំង ២៤.០២) គ្រប់ប្រភេទ ដូចខាងក្រោម៖

១៖ អនុញ្ញាតឱ្យនាំចូលតែតាមមាត់ច្រក កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កំពង់ផែអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិ លើកលែងតែការនាំចូល តាមរបបអគារលក់ទំនិញរួចពន្ធ

២៖ ការនាំចូលតាមមាត់ច្រកព្រំដែន ផ្សេងទៀត ត្រូវមានការអនុញ្ញាត ជាមុនពីអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា។

អគ្គនាយកដ្ឋានគយបានបញ្ជាក់ថា ការអនុវត្តកំណត់ជាបណ្ដោះអាសន្ន នៃមាត់ច្រកនាំចូលស្រា និងបារីនេះ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០រហូតដល់មាន ការកំណត់ជាថ្មី ៕