ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងបើកកិច្ចប្រជុំពាក់ព័ន្ធមួយចំនួន តាមរយៈប្រព័ន្ធវីដេអូ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៩-១២ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ជាពិសេសកិច្ចប្រជុំ ក៏នឹងពិភាក្សា អំពីផលប៉ះពាល់លើសង្គម សេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩ និងផែនការស្តារឡើងវិញ គ្រប់ជ្រុងជ្រោយរបស់អាស៊ាន ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៧ កញ្ញានេះ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំ ក្នុងក្របខ័ណ្ឌអាស៊ាន ដែលនឹងរៀបចំឡើងតាមប្រព័ន្ធវីដេអូ ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ដូចខាងក្រោម៖
-កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៣
-កិច្ចប្រជុំគណៈកម្មការតំបន់ អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
-កិច្ចប្រជុំក្រុមប្រឹក្សា សម្របសម្រួលអាស៊ាន លើកទី២៧
-កិច្ចប្រជុំពិសេសនៃ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីការអភិវឌ្ឍក្នុងអនុតំបន់
-កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២១
-កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ាលើកទី១០
-ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយតំណាងគណៈកម្មការអន្តរ រដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស
-កិច្ចសន្ទនារដ្ឋមន្រ្តីការបរទេសអាស៊ាន ស្តីពីការពង្រឹងតួនាទី របស់ស្ត្រីសម្រាប់សន្តិភាព និង សន្តិសុខប្រកបដោយចីរភាព ក្នុងឱកាសកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៣
-កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៧ និង
-សន្និសីទក្រោយកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនាទាំង១០ របស់អាស៊ាន។
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនឹងពិនិត្យមើលឡើងវិញ ផែនការលំអិតរបស់អាស៊ាន និងការអនុវត្តធម្មនុញ្ញអាស៊ាន ផ្តោតការយកចិត្តទុកដាក់ទៅលើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវ ការកសាងសហគមន៍អាស៊ាន និងអនុសាសន៍នានា សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ និងលើកកម្ពស់បន្ថែមទៀត នូវឯកភាពនិងសាមគ្គីភាព ភាពរឹងមាំ សមាហរណកម្ម និងការតភ្ជាប់ក្នុងរង្វង់អាស៊ាន ព្រមទាំងការធ្វើទំនាក់ទំនង ជាមួយសហគមន៍ពិភពលោក។
កិច្ចប្រជុំក៏នឹងពិភាក្សាផងដែរ អំពីផលប៉ះពាល់លើសង្គម-សេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩ និងផែនការស្តារឡើងវិញ គ្រប់ជ្រុងជ្រោយរបស់អាស៊ាន ៕