ភ្នំពេញ៖ ក្រោយកើតមានករណី ចោរលួចខ្សែភ្លើងបំភ្លឺសាធារណៈ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ចេញបង្រ្កាបឲ្យខានតែបាន និងប្រាប់ឲ្យអ្នកទិញខ្សែភ្លើង របស់ចោរឲ្យឆាប់រាយការណ៍ បើចង់រួចខ្លួន បើលាក់លៀមទៀត ដល់ពេលសមត្ថកិច្ច ស្រាវជ្រាវរកឃើញ គឺត្រូវមានទោសជាដាច់ខាត។ ជាមួយគ្នានោះអភិបាលខេត្តព្រះសីហនុ ក៏បានប្រកាសផ្ដល់ថវិកា ១០លានរៀល ដល់សមត្ថកិច្ចដើម្បីដឹកនាំ ការបង្រ្កាបឲ្យបានជាដាច់ខាត។
តាមយៈគេហទំព័រហ្វេសប៊ុក របស់ខ្លួននៅថ្ងៃទី៦ កញ្ញានេះ លោក គួច ចំរើន បានសរសេរបញ្ជាក់ថា «បើកប្រតិបត្តិការធំមួយ ដើម្បីបង្ក្រាបករណី ចោរលួចខ្សែភ្លើងបំភ្លឺ សាធារណៈ ។ ខ្ញុំផ្ដល់ថវិកា ១០លានរៀល អោយសមត្ថកិច្ច ដឹកនាំការបង្ក្រាប អោយខានតែបាន ។ បទល្មើសតូចតាច តែផ្ដន្ទាទោសដោយមិនលើកលែង ។ អ្នកទិញខ្សែភ្លើងរបស់ចោរ បើចង់រួចខ្លួន សូមឆាប់រាយការណ៍អោយបានឆាប់ បើលាក់លៀមទៀត ដល់ពេលសមត្ថកិច្ច ស្រាវជ្រាវរកឃើញ គឺត្រូវមានទោសជាដាច់ខាត »៕





