ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង បានលើកសសើរពីសមត្ថភាព របស់ស្ត្រីខ្មែរ បច្ចុប្បន្ននេះមិនធម្មតាទេ មានគំនិតជឿនលឿនទូលំទូលាយ បើនិយាយពីភាសាអង់គ្លេសវិញ គឺរឹតតែអស្ចារ្យសូម្បីតែលោក ក៏សូមចុះចាញ់ដោយស្មោះផងដែរ។
លោក ឡុង ឌីម៉ង់ បានសរសេរលើគេហទំព័រហ្វេសប៊ុកថា «ពិតជារីករាយណាស់ដែល បានចូលរួមក្នុងសិក្ខាសាលា តាមប្រព័ន្ធអនឡាញជាមួយអង្គការ Asia Foundation ជាមួយនឹងអ្នកចូលរួម ទាំងពីប្រទេសកម្ពុជាផង និងនៅកូរ៉េនេះផងដែលបាន ពិភាក្សាចែករំលែកមតិយោបល់ ក៏ដូចជាការយល់ឃើញ ព្រមទាំងពិសោធន៍អំពី ការជំរុញនិងលើកកំពស់ សហគ្រិនភាពស្ត្រី។ ខ្ញុំពិតជារីករាយហើយមោទនភាពណាស់ ដែលបានឃើញស្ត្រីខ្មែរយើង មានវីរភាពទាំងភារកិច្ចក្នុងគ្រួសារផង ទាំងកិច្ចការចូលរួមលើក កម្ពស់សីលធម៌សង្គមផង សេដ្ឋកិច្ចផង នយោបាយផង និងអភិបាលកិច្ចផង»។
លោកឯកអគ្គរាជទូតបញ្ជាក់បន្ថែមថា «សមត្ថភាពរបស់ស្ត្រីខ្មែរ បច្ចុប្បន្ននេះមិនធម្មតាទេ…ម្សិលមិញ រំភើបនឹងឃើញគំនិតជឿនលឿន ទូលំទូលាយហើយបើនិយាយ ពីភាសាអង់គ្លេសវិញ គឺរឹតតែអស្ចារ្យដែលខ្ញុំសូមចុះចាញ់ ហើយកោតសរសើរ និងគោរពដោយស្មោះ» ៕