បញ្ជូនជនត្រូវចោទខ្មែរ និងបរទេស ៤នាក់ ទៅគុកព្រៃស ពាក់ព័ន្ធករណីឆបោក និងសម្អាតប្រាក់

0

ភ្នំពេញ៖ បញ្ជូនជនដែលត្រូវចោទចំនួន ៤នាក់ ដែលមានទាំងជនជាតិខ្មែរ និងបរទេសផងនោះ ទៅមណ្ឌលអប់រំកែប្រែ ម១ តាមដីកាបង្គាប់អោយឃុំខ្លួន របស់ចៅក្រមស៊ើបសួរពីបទ ឆបោកនិងសម្អាតប្រាក់។

យោងតាមនាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ក្រោយពីបានទទួលបណ្តឹង និងទទួលបញ្ជារពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងទទួលផែនសន្តិសុខ ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ដោយមានការសម្របសម្រួលពី លោកស្រីព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ និងកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការនាំខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ចំនួន ៤នាក់ ១-ឈ្មោះ ប៊ុន ស្រីឡែន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ EBENEZER OYETORAN ភេទប្រុស ជនជាតិនីហ្សេរីយ៉ា ៣-ឈ្មោះ OYETORAN MARGARET IBDUNNI ភេទស្រី ជនជាតិនីហ្សេរីយ៉ា ៤-ជនសង្ស័យឈ្មោះ IBEH HENRY ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ពាក់ព័ន្ធនឹងករណី ”ឆបោក និងសម្អាតប្រាក់“ នាំមកកាន់នាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីកសាងសុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ។

តាមការបញ្ជាក់ពីសមត្ថិកច្ច ជំនាញបានឲ្យដឹងថា ក្រុមជនសង្ស័យបានធ្វើការឆបោក ប្រាក់តាមការទំនាក់ទំនង តាមបណ្តាញសង្គម ដោយលួងលោមបោក បញ្ចោតមនោសញ្ចេតនា ពីប្រជាពលរដ្ឋនៅក្នុងប្រទេស និងជនបរទេសក្រៅប្រទេស អោយផ្ញើប្រាក់មកអោយ ខ្លួននៅប្រទេសកម្ពុជា តាមរយៈភ្នាក់ងារផ្ញើនិងដកប្រាក់ និងធនាគារមួយចំនួន បន្ទាប់ពីដកប្រាក់បានហើយ ជនសង្ស័យក៏ផ្ញើប្រាក់នោះ ទៅបក្ខពួកផ្សេងៗដែលមាន ក្បាលម៉ាស៊ីនដឹកនាំ និងអង្គការចាត់តាំងដោយទទួល បានភាគលាភទៅតាមតួនាទីរៀងៗខ្លួន រួចមេក្លោងបានបង្កើតមូលនិធិ ដើម្បីទទួលប្រាក់នៃបទល្មើសនោះ ទៅទិញអចលនទ្រព្យ និងបើកអាជីវកម្មផ្សេងៗ ដើម្បីទៅបំលែងជាហិរញ្ញប្បទាន ស្របច្បាប់រួចបន្តផ្ញើប្រាក់ទាំងនោះ ទៅប្រទេសរបស់ពួកគេវិញ ក្នុងគោលបំណងដើម្បីសម្អាតប្រាក់ ដែលបានមកពីអំពើឆបោក ។

បច្ចុប្បន្នជនដែលត្រូវចោទទាំង ៤នាក់ត្រូវបានចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់អោយឃុំខ្លួន និងអោយភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងនគរបាលនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើការនាំខ្លួនទៅមណ្ឌលអប់រំកែប្រែទី១(ម១)ហើយ។

ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមជនឆបោក បើមានករណីនេះកើតឡើងសូម មកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា ៕