ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រះសីហនុ បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធសហការគ្នា យកចិត្តទុកដាក់ដោះស្រាយ បញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ ជូនប្រជាពលរដ្ឋឲ្យបានល្អ ពិសេសគឺការផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យមានប្រសិទ្ធភាពថែមទៀត សំដៅធ្វើឱ្យប្រជាពលរដ្ឋ មានការជឿទុកចិត្ត និងគាំទ្រដល់គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថានបានឲ្យដឹងថា ប្រសាសន៍ណែនាំរបស់ លោក សាយ សំអាល់ បានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រះសីហនុ គណៈអភិបាលខេត្តព្រះសីហនុ អភិបាលក្រុង-ស្រុក ព្រមទាំងសមាជិកក្រុមការងារថ្នាក់ខេត្ត ស្រុក និងឃុំ ជាច្រើនរូបផងដែរ។
បន្ទាប់ពីសេចក្តីរាយការណ៍ ពីលទ្ធផលការងារនៃ រដ្ឋបាលខេត្តព្រះសីហនុ លោក សាយ សំអាល់ បានដាក់នូវអនុសាសន៍គន្លឹះមួយចំនួន ដល់រដ្ឋបាលខេត្តព្រះសីហនុ ក្រុមការងារថ្នាក់ជាតិ មន្ទីរជំនាញ និងមន្ត្រីតាមមូលដ្ឋាន ដូចខាងក្រោម៖
១៖ បន្តខិតខំបន្តថែមទៀត ដោះស្រាយចំណុចសេសសល់រាល់បញ្ហា សំណូមពរ របស់ប្រជាពលរដ្ឋ និងពង្រឹងការងារផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អបន្ថែមទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបម្រើ និងឆ្លើយតបនឹងបំណង ដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ។
២៖ បន្តជំរុញការងារអភិវឌ្ឍ មូលដ្ឋានខេត្តព្រះសីហនុឱ្យក្លាយជាខេត្ត ទៅជាប៉ូលសេដ្ឋកិច្ចពហុវិស័យដ៏រឹងមាំ បន្ថែមលើសក្តានុពលវិស័យទេសចរណ៍ ជំរុញការទាក់ទាញវិនិយោគ និងធ្វើការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ដើម្បីធានានិរន្តរភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
៣៖ លើកទឹកចិត្តនិងផ្តល់ឱកាសពង្រឹង សមត្ថភាពមន្រ្តីថ្នាក់ក្រោមជាតិ ជាពិសេសមន្រ្តីវ័យក្មេង ឱ្យចូលរួមបំពេញការងារ និងទទួលបានការបណ្តុះបណ្តាល វិជ្ជាជីវៈបន្ថែម ដើម្បីបម្រើជាតិមាតុភូមិ ឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព ៕