អាជ្ញាធរព្រំដែន៖ គ្រប់ចម្លើយរបស់ពលរដ្ឋ សុទ្ឋតែឆ្លើយថា អត់មានបាត់ដីទៅវៀតណាមទេ (Video)

0

ភ្នំពេញ៖ លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន និងអាជ្ញាធរពាក់ព័ន្ធ កាលពីថ្ងៃទី៥ កញ្ញា បានចុះទៅជួបបងប្អូនប្រជាពលរដ្ឋ នៅភូមិត្រពាំងថ្លុង នៅទីតាំងបង្គោលព្រំដែនលេខ១១៧ នៅស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីសាកសួរប្រជាពលរដ្ឋ បញ្ជាក់ឲ្យច្បាស់ថា តើបន្ទាប់ពីបោះបង្គោលព្រំដែន រួចនៅតំបន់នោះ មានបាត់ដីទៅវៀតណាមដែរទេ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គ្រប់ចម្លើយដែលលោកស្រី ទទួលបានសុទ្ឋតែឆ្លើយថា អត់មានបាត់ដីទៅវៀតណាមទេ។

លោកស្រី កុយ ពិសី បានសរសេរលើគេហទំព័រហ្វេសប៊ុកថា «ខ្ញុំបានរួមដំណើរជាមួយឯឧ. វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការ ចម្រុះកិច្ចការព្រំដែន ចុះទៅជួបបងប្អូន ពលរដ្ឋនៅភូមិត្រពាំងថ្លុង នៅទីតាំងបង្គោលព្រំដែនលេខ១១៧ នៅស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីចង់បញ្ជាក់ឲ្យច្បាស់ថា តើបន្ទាប់ពីយើងខ្ញុំបោះ បង្គោលព្រំដែនរួចនៅតំបន់នោះ មានបាត់ដីទៅវៀតណាមដូចការលើក ឡើងរបស់ជនអគតិដែរឬទេ??? គ្រប់ចម្លើយសុទ្ឋតែឆ្លើយថា អត់មានបាត់ដីទៅវៀតណាមទេ អ្វីដែលគាត់ចូលរួម ជាមួយពួកអគតិកន្លងទៅ ដោយ សារពួកអគតិបានសន្យាថា នឹងជួយតវ៉ាសុំដីដែលកម្ពុជា ទទួលបានបន្ទាប់ពីការបញ្ចប់ ការងារខណ្ឌសីមានិងបោះ បង្គោលព្រំដែននៅតំបន់នោះ ឲ្យពួកគាត់បានអាស្រ័យ ផលទៅថ្ងៃមុខតែប៉ុណ្ណោះ។ ការពិតត្រូវបានលាតត្រដាងបន្ថែមទៀត»។

ពាក់ព័ន្ធបញ្ហាព្រំដែននេះផងដែរ កាលពីពេលថ្មីៗនេះ ស្នងការនគរបាលខេត្តកណ្តាល លោក ឈឿន សុចិត្ត បានធ្វើរបាយការណ៍ប្រាប់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលថា ទាហានវៀតណាម ពិតជាបានសាងសង់តង់ថ្មី ដែលមានលក្ខណៈ ជាជម្រករឹងមាំពិតមែន នៅចំណុចទីតាំងតង់ចាស់ ដែលបានរុះរើកន្លងមកហើយ ការសាងសង់នេះក៏ត្រូវបាន នាយប៉ុស្ដិ៍នគរបាលក្អមសំណ ស្នើទៅភាគីទាហានវៀតណាម ឲ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់ តែត្រូវបានបដិសេធដោយ ទាហានវៀតណាមថា កិច្ចការនេះជាបញ្ជាពីថ្នាក់លើរបស់គេ។

សូមរំលឹកថា ក្នុងកិច្ចប្រជុំបូកសរុបការងារ ឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែនកម្ពុជា ចុះទៅជួបប្រជាពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយការបោះបង្គោលព្រំដែន និងបានណែនាំទៅកាន់ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី បើកសិក្ខាសាលាឲ្យប្រជាពលរដ្ឋ សិស្សនិស្សិតចូលស្តាប់ និងសួរអំពីរឿងព្រំដែន ៕