ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម ដកហូតយានយន្តជិត ២០គ្រឿង នៅស្រុកព្រៃនប់ (Video)

0

ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដោយមានការដឹកនាំ សម្របសម្រួលនីតិវិធី ពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងតំណាងអយ្យការ អមសាលាដំបូង ខេត្ដព្រះសីហនុ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីទទួលផល ចោរកម្ម ដកហូតយានយន្តបានចំនួន ១៨គ្រឿង ។

យោងតាមអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ជនសង្ស័យទាំង ៣នាក់រួមមាន៖ ១-ឈ្មោះ នួន ស៊ីណាត ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ (ម្ចាស់ផ្ទះ) មានទីលំនៅក្រុម៩ ភូមិអណ្ដូងថ្ម ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្ដព្រះសីនុ ។ ២-ឈ្មោះ ង៉ាន ភៀវ ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ (ទាំង ២នាក់ត្រូវជាប្តី -ប្រពន្ធ) និង៣-ឈ្មោះ ហ៊ាន ស៊ីប៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ (កូន) ។

ជនសង្ស័យទាំង ៣នាក់នេះ ជាម្ចាស់ទីតាំងជាប់ពាក់ព័ន្ធ នឹងករណីទទួលបញ្ចាំខុសច្បាប់ និងទទួលផលចោរកម្ម ។

វត្ថុតាងចាប់យកបានរួមមាន៖ – ម៉ូតូ ១៧គ្រឿង, – រថយន្ដ ១គ្រឿង ម៉ាក Visto ពណ៌ខ្មៅពាក់ ស្លាកលេខភ្នំពេញ 2T-7830, – ស្លាកលេខរថយន្ដ ៣សន្លឹក (លេខ ខ.ម ២សន្លឹក), -សម្ភារៈជួសជុល និងគ្រឿងបន្លាស់ម៉ូតូមួយចំនួន, -បញ្ជីទិញ-លក់ម៉ូតូ ១ក្បាល, -កាតគ្រីម៉ូតូចំនួន ៤សន្លឹក និង -ប័ណ្ណបើកបររថយន្ដ ៣សន្លឹក ។

ករណីនេះកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កំពុងបន្ដនីតិវិធី ។

ពាក់ព័ន្ធនឹងករណីខាងលើ ក្នុងនាមស្នងការដ្ឋាននគរបាល ខេត្តព្រសីហនុ សូមគោរជំរាបជូនដល់ បងប្អូនប្រជាពលរដ្ឋ បើមានការបាត់បង់ម៉ូតូ សូមយកឯកសារមកផ្ទៀងផ្ទាត់ និងពិនិត្យមើលម៉ូតូ នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕