ភ្នំពេញ៖ លោក ជាវ តាយ អភិបាលខេត្តកំពត កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ បានជំរុញឲ្យក្រុមហ៊ុន IGB CO.LTD សាងសង់ផ្លូវចូល និងចាក់ខ្សាច់បំពេញឆ្នេរ និងការអភិវឌ្ឍន៍គម្រោង ឆ្នេរមាសតេជោសែន ឱ្យបានឆាប់រហ័ស ដើម្បីជំរុញឲ្យមាន កំណើនភ្ញៀវទេសចរបន្ថែមទៀត ។ នេះបើយោងតាមរដ្ឋបាលខេត្តកំពត។
សូមបញ្ជាក់ថា សេចក្តីសម្រេចនេះ មានសមាសភាពគណៈកម្មការខេត្ត ចំនួន ៣២ រូប និងបានបង្កើតអនុគណៈកម្មការចំនួន ៦រួមមាន៖
១. អនុគណៈកម្មការគ្រប់គ្រង ផែនការនិងរៀបចំឯកសារនានា នៃគម្រោងវិនិយោគ
២. អនុគណៈកម្មការត្រួតពិនិត្យប្លង់មេអភិវឌ្ឍន៍ និងការចាក់ដី
៣. អនុគណៈកម្មការគ្រប់គ្រងបរិស្ថាន និងសោភ័ណភាព តំបន់វិនិយោគ
៤. អនុគណៈកម្មការតាមដាន ត្រួតពិនិត្យការងារសន្តិសុខ សណ្ដាប់ធ្នាប់
៥. អនុគណៈកម្មការផ្សព្វផ្សាយ
៦. អនុគណៈកម្មការគ្រប់គ្រងប្រមូលចំណូល និងសួយសារ
សូមបញ្ជាក់ផងដែរថា ការបែងចែកផលប្រយោជន៍ នៃគម្រោងអភិវឌ្ឍន៍ តាមសមាមាត្រផ្ទៃដី ៦០% សម្រាប់ក្រុមហ៊ុន IGB Cambodia CO.LTD និងផ្ទៃដី ៤០% ទុកជូនរដ្ឋ ក្រោមការគ្រប់គ្រង របស់រដ្ឋបាលខេត្តកំពត សរុបផ្ទៃដីវិនិយោគ ២៣៤ហិកតា ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធមាន ៣៤ហិកតា ។
នៅក្នុងកិច្ចប្រជុំពិនិត្យ សេចក្តីព្រាងសេចក្តីសម្រេច ស្ដីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការខេត្ត ដើម្បីគ្រប់គ្រងគម្រោងវិនិយោគ អភិវឌ្ឍន៍រមណីយដ្ឋាន ទេសចរណ៍ ឆ្នេរមាសតេជោសែន ក៏បានពិភាក្សាគ្នា ទៅលើការសាងសង់រចនាសម្ព័ន្ធ ពិសេសលើផ្ទៃដី ដែលគ្រប់គ្រង ដោយរដ្ឋបាលខេត្ត និងការតភ្ជាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនីផងដែរ ៕