នាយករដ្ឋមន្រ្តីអនុញ្ញាតឲ្យ សាសនិកឥស្លាមកម្ពុជា គោរពប្រតិបត្តិ សកម្មភាពជំនឿសាសនា តែត្រូវបង្ការកូវីដ១៩

0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យបងប្អូន សាសនិកឥស្លាមកម្ពុជា គោរពប្រតិបត្តិ ថ្វាយបង្គំជំអាត់ ចាប់ពីថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ដោយត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមវិធានរបស់ក្រសួងសុខាភិបាល ដូចជាពាក់ម៉ាស់ វាស់កម្តៅ លាងដៃសម្អាតជាប្រចាំនឹងសាប៊ូ អាល់កុល ឬជែល និងត្រូវរក្សាគម្លាតពីគ្នា ១.៥ម៉ែត្រ។ នេះបើយោងតាម ហ្វេសប៊ុកផេករបស់ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស ។

ជាមួយគ្នានេះផងដែរ ក្រសួងសុខាភិបាលក៏បានណែនាំចំពោះ ការចូលថ្វាយបង្គំតាមវិហារ និងសូរ៉ាវ ដែលសាសនិកឥស្លាម រស់នៅក្នុងភូមិអចិន្ត្រៃយ៍ ត្រូវអនុវត្តឲ្យ បានខ្ជាប់ខ្លួនតាមវិធាន របស់ក្រសួងសុខាភិបាល ដូចជា៖

*ទី១៖ ពាក់ម៉ាស់ វាស់កម្ដៅ លាងដៃជាប្រចាំនឹងសាប៊ូ អាល់កុលឬជេល និងមានគម្លាតពីគ្នាយ៉ាងតិច ១.៥ម៉ែត្រ
*ទី២៖ សាសនិកឥស្លាមត្រូវ យកកម្រាលថ្វាយបង្គំ ពីផ្ទះសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន
*ទី៣៖ ហាមក្មេង និងអ្នកដែលមានជំងឺផ្សេងៗចូលរួម
*ទី៤៖ ហាមចាប់ដៃគ្នានៅពេលគោរពគារវកិច្ច ដោយជំនួសជាការលើកដៃ និងនិយាយពាក្យស្វាគមន៍បែបឥស្លាមវិញ ហើយបែកគ្នាភ្លាមក្រោយបញ្ចប់ ការថ្វាយបង្គំប្រមាណ ២០-៣០នាទី
*ទី៥៖ ការជួបជុំថ្វាយបង្គំនៅថ្ងៃសុក្រ គឺការបួងសួងសូត្រសេចក្ដីណែនាំខ្លីៗ មិនឲ្យលើសពី៣០នាទី
*ទី៦៖ ត្រូវរក្សាគម្លាតសង្គម ដោយអនុញ្ញាតឲ្យចូលថ្វាយបង្គំប្រមាណ ៣០% នៃចំណុះទីតាំងវិហារនីមួយៗ។

ក្រសួងសុខាភិបាល បានគូសបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំឥស្លាម សូមចាប់ផ្តើមប្រតិបត្តិជាជំហានៗ ដំណាក់កាលដំបូងនេះ នាថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ ដោយសារកល្បងរយៈពេល៤សុក្រ ហើយបន្ទាប់មកចាប់ផ្តើម ថ្វាយបង្គំជុំគ្នា នៅតាមសូរ៉ាវ ដោយអនុវត្តវិធាន ការការពារសុខភាពរបស់ ក្រសួងសុខាភិបាលជានិច្ច។

គណៈឥស្លាមត្រូវតាមដាន ត្រួតពិនិត្យអនុវត្តការបើកដំណើរការ នេះឲ្យបានហ្មត់ចត់ជាទីបំផុត។ ក្នុងករណី ដែលមានបញ្ហាទាក់ទង នឹងការសង្ស័យថា មានជំងឺកូវីដ-១៩ ជាយថាហេតុ សូមគណៈដឹកនាំវិហារនីមួយៗ រាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ៕