លោក ពេជ្រ ស្រស់ តាមឃ្លាំមើលគណៈកម្មការ ព្រំដែនកម្ពុជា ចុះជួបពលរដ្ឋដែលអះអាងថា បាត់ដីស្រែ នៅជាប់ព្រំដែនវៀតណាម (Video)

0

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា​ នៅថ្ងៃទី៥ ខែកញ្ញានេះ បានចុះឃ្លាំមើលគណៈកម្មការព្រំដែនកម្ពុជា ដឹកនាំដោយលោក វ៉ា គឹមហុង ចុះជួបពលរដ្ឋដែលអះអាងថា បាត់បង់ដីស្រែរបស់ ពួកគាត់នៅខេត្តត្បូងឃ្មុំ ។

លោក ពេជ្រ ស្រស់ បានសរសេរលើគេហទំព័រហ្វេសប៊ុកថា «រឿងព្រំដែនកម្ពុជាខេត្តត្បូងឃ្មុំ ជាមួយវៀតណាម
ពេញមួយព្រឹកនេះ ខ្ញុំបានចុះឃ្លាំមើលគណៈកម្មការព្រំដែនកម្ពុជា បានចុះជួបពលរដ្ឋដែលអះអាងថា បាត់
បង់ដីស្រែរបស់​ ពួកគាត់នៅខេត្តត្បូងឃ្មុំ ដែលធ្វើឲ្យមួយចំនួនជាប់គុក ដោយសារតែរឿងមិនពិតអំពីការ
អះអាងថា បាត់បង់ដីពលរដ្ឋខ្មែរ ក្រោយបោះបង្គោលព្រំដែនកម្ពុជា ជាមួយវៀតណាម »។

ពាក់ព័ន្ធបញ្ហាព្រំដែននេះផងដែរ កាលពីពេលថ្មីៗនេះ ស្នងការនគរបាលខេត្តកណ្តាល លោក ឈឿន សុចិត្ត បានធ្វើរបាយការណ៍ប្រាប់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលថា ទាហានវៀតណាម ពិតជាបានសាងសង់តង់ថ្មី ដែលមានលក្ខណៈ ជាជម្រករឹងមាំពិតមែន នៅចំណុចទីតាំងតង់ចាស់ ដែលបានរុះរើកន្លងមកហើយ ការសាងសង់នេះក៏ត្រូវបាន នាយប៉ុស្ដិ៍នគរបាលក្អមសំណ ស្នើទៅភាគីទាហានវៀតណាម ឲ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់ តែត្រូវបានបដិសេធដោយ ទាហានវៀតណាមថា កិច្ចការនេះជាបញ្ជាពីថ្នាក់លើរបស់គេ។

សូមរំលឹកថា ក្នុងកិច្ចប្រជុំបូកសរុបការងារ ឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែនកម្ពុជា ចុះទៅជួបប្រជាពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយការបោះបង្គោលព្រំដែន និងបានណែនាំទៅកាន់ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី បើកសិក្ខាសាលាឲ្យប្រជាពលរដ្ឋ សិស្សនិស្សិតចូលស្តាប់ និងសួរអំពីរឿងព្រំដែន ៕