ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀនខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានចុះបង្ក្រាបករណីជួញដូរ រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានឲ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសនិងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
លោកបានបន្តថា ក្នុងប្រតិបត្ដិការចុះបង្ក្រាបគ្រឿងញៀននេះ កម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ២នាក់ រួមមាន៖ ទី១. ឈ្មោះ សៀវ ឡុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ និងទី២. ឈ្មោះ ចាំង អោទី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានឱ្យដឹងទៀតថា ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖
– ម្សៅពណ៌សប្រភេទខេ ១៣កញ្ចប់ ទម្ងន់ ១៩.៧៣ក្រាមទាំងសម្បក
– ម្សៅសថ្លាចំនួន ៤៣កញ្ចប់ ទម្ងន់ ១៣៤.៧៣ក្រាមទាំងសម្បក
– ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ៤៩គ្រាប់ ទម្ងន់ ៥.៧៩ក្រាម ទាំងសម្បក
– ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន ៥១គ្រាប់ ទម្ងន់ ១២០.៨៤ក្រាម ទាំងសម្បក
– ថ្នាំគ្រាប់ពណ៌បៃតងចំនួន ២៩គ្រាប់ ទម្ងន់ ១១.៦១ក្រាម ទាំងសម្បក
– ថ្នាំកញ្ចប់ពណ៌បៃតង និងពណ៌ស្វាយចំនួន ១៦កញ្ចប់ ទម្ងន់ ១០៤.៨៦ក្រាម ទាំងសម្បក
– ទូរស័ព្ទចំនួន ២គ្រឿង, ដែកកេះចំនួន៨, ជញ្ជីងចំនួន ១, ដបជក់ចំនួន ៣, ម៉ូតូចំនួន ១គ្រឿង និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ ទាំងពីរនាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ កំពុងសាកសួរ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ៕