ភ្នំពេញ៖ ខេត្តមណ្ឌលគិរី គឺជាខេត្តពោរពេញ ទៅដោយសម្បត្តិធម្មជាតិ ដ៏សំខាន់មួយរបស់ ព្រះរាជាណាចក្រកម្ពុជា ជាពិសេសព្រៃឈើ ដ៏មានសក្ដានុពល ស្របពេលនេះផងដែរ ខេត្តនេះក៏កំពុងរង នៅការកាប់បំផ្លាញព្រៃឈើ ពីសំណាក់ក្រុមឈ្មួញមួយចំនួន ផងដែរ។ ជុំវិញករណីនេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏បានជំរុញឱ្យ អភិបាលក្រុង/ស្រុក និងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់ និងបង្ក្រាប់បទល្មើស ធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព។
យោងតាមក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំ គណៈបញ្ជាការ ឯកភាពខេត្តនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា «បញ្ហាបទល្មើសព្រៃឈើ និងការកាប់ទន្រ្ទានយកដីព្រៃ ធ្វើជាកម្មសិទ្ធ គឺជាបញ្ហាដ៏ស្មុគស្មាញ ដូច្នេះ បញ្ហាទាំងនេះ គឺទាមទារឱ្យមានការចូលរួម ពីគ្រប់អង្គភាពជំនាញ និងសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋទាំងអស់ ដើម្បីធ្វើយ៉ាងណា រួមគ្នាថែរក្សា ការពារធនធានធម្មជាតិ ឱ្យបានស្ថិតស្ថេរគង់វង្ស។ »
បន្ថែមលើសនេះ លោក អភិបាលខេត្ត បានណែនាំដល់សមត្ថកិច្ចជំនាញ ត្រូវចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែន និងថែរក្សាការពារបង្គោលព្រំដែន។ ម្យ៉ាងទៀត ក៏ស្នើដល់សមត្ថកិច្ច និងមន្រ្តីជំនាញ ត្រូវសហការគ្នា យកចិតទុកដាក់រៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមទីវត្តអាមនានា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីធ្វើយ៉ាងណា ឲ្យអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល នូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩ ៕