ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅនៅ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានអោយដឹងថា សក្តានុពលពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក ដែលបានកើនឡើងពី ៣,៣ ប៉ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ មកដល់ ៤,៧ប៉ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ក្នុងអាត្រាកំណើនប្រមាណ ៤២ ភាគរយ។ នេះបើយោងតាម ក្រសួងពាណិជ្ជកម្ម។
ការឱ្យដឹងបែបនេះ ធ្វើឡើងនៅក្នុង ជំនួបពិភាក្សាការងារ រវាង លោក រដ្ឋមន្រ្តីពាណិជ្ជកម្ម ប៉ាន់ សូរស័ក្ដិ ជាមួយលោក ប៉ាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងគណៈប្រតិភូ ដើម្បីពង្រឹង ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា។
នៅក្នុងជំនួបនោះ ផងដែរភាគីទាំងពីរក៏ បានធ្វើការប្តេជ្ញា បន្តជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ពិសេសក្នុងវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិកត្រូនិក។
លោករដ្ឋមន្រ្តី ក៏បានលើកឡើងពីវឌ្ឍនភាព នៃកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងក្របខ័ណ្ឌស្ថាប័ន និងគតិយុត្តិ ដែលធានាបង្កើនបរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់តែប្រសើរ នៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះលោក ប៉ាន សូរស័ក្តិ បានធ្វើបច្ចុប្បន្នភាព ជូនលោក ឯកអគ្គរដ្ឋទូត អំពីកិច្ចសហប្រតិបត្តិការ ក្រោមក្របខ័ណ្ឌកិច្ចប្រជុំ ក្រុមប្រឹក្សាចម្រុះក្របខ័ណ្ឌ ពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-អាមេរិក(TIFA)។ ក្នុងនោះ លោករដ្ឋមន្ត្រីក៏បានរំលេច ពីការចូលជាធរមាន នៃច្បាប់ស្តីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងការបង្កើតអនុក្រឹត និងបទបញ្ញត្តិពាក់ព័ន្ធ និងបានស្នើភាគីអាមេរិក បន្តជំរុញវិនិយោគិន របស់ខ្លួនមកធ្វើធុរកិច្ច និងវិនិយោគក្នុងវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនេះ អោយបានកាន់តែច្រើន។
លោករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានសម្តែងសុទិដ្ឋិនិយម ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ និងបានឯកភាពជាបឋមក្នុងការ រៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាចម្រុះ ក្របខ័ណ្ឌ ពាណិជ្ជកម្មនិង វិនិយោគកម្ពុជា-អាមេរិកលើកទី៦ តាមរយៈ Video Conference នៅពេលខាងមុខ តាមស្ថានភាពជាក់ស្តែង។
ជាកិច្ចបញ្ចប់លោក ប៉ាន សូរស័ក្តិ បានចូលរួមជាអធិបតីភាព ក្នុងការបើកវេទិការជួបជុំ ក្នុងការបង្កើតទំនាក់ទំនង និងការបង្ហាញការវិនិយោគ សហរដ្ឋអាមេរិកនៅកម្ពុជា ដែលរៀបចំឡើងដោយ AmCham Cambodia ព្រមទាំងបានទស្សនា ការដាក់តាំងផលិផលសក្តានុពលមួយចំនួន របស់អាមេរិក ដែលកំពុងចរាចរ នៅលើទីផ្សារកម្ពុជាផងដែរ៕