ភ្នំពេញ៖ ជនសង្ស័យដែលត្រូវជាបងថ្លៃម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីវាយសម្លាប់ប្អូនថ្លៃ នៅផ្ទះលេខ១២៧E៣ ផ្លូវលេខ១៣៤ ក្រុមទី២២ ភូមិទី៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីម៉ោង ១០៖៣០នាទី យប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ។
ជនរងគ្រោះមានឈ្មោះ ពូន បូលីន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះ កើតហេតុខាងលើ ។ ចំណែកសង្ស័យឈ្មោះ បាន ឡា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ បើកឡាននៅសាលាឡូហ្គោ មានទីលំនៅផ្ទះកើតហេតុខាងលើ ត្រូវជាបងថ្លៃជនរងគ្រោះ ។
បើតាមប្រភពព័ត៌មានពីឈ្មោះ ពូន សុខា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាន ត្រូវជាបងស្រីជនរងគ្រោះ បានអោយដឹងថា កន្លងមកជនរងគ្រោះបានប្រើប្រាស់ ថ្នាំញៀនរយៈពេល ២ឆ្នាំហើយ លុះនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១០៖៣០នាទីយប់ ជនរងគ្រោះបានជេរបញ្ចោខ្ញុំ ឪពុកនិងប្តីខ្ញុំពេញផ្ទះ ពេលនោះប្តីខ្ញុំ បានប្រើខ្ញុំឲ្យយកសំរាមចាក់ចោល ពេលខ្ញុំត្រឡប់មកវិញ ឃើញប្តីខ្ញុំកំពុងតែឈ្លោះប្រកែកគ្នា ខ្ញុំក៏ឃាត់ថា បានហើយឈប់ឈ្លោះគ្នាទៅ ពេលនោះក៏ប្រតាយប្រតប់គ្នា និងចាប់ចងជនរងគ្រោះឲ្យដេកផ្កាប់មុខ ហើយប្តីខ្ញុំបានឲ្យខ្ញុំទៅហៅនគរបាលដើម្បីជួយអន្តរាគមន៍ ពេលទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព ខ្ញុំក៏និយាយប្រាប់នគរបាលថា ប្អូនរបស់ខ្ញុំបែកថ្នាំ ឲ្យជួយចាប់យកទៅដាក់មណ្ឌលទៅ ព្រោះពេលបែកថ្នាំម្តងៗ ជនរងគ្រោះតែងតែទាញកាំបិត ដេញកាប់ខ្ញុំនិងប្តីខ្ញុំតែរហូត ក្រោយមកនាងខ្ញុំក៏នាំជនរងគ្រោះត្រឡប់មកវិញ ឃើញមានឈាមប្រឡាក់ពេញខ្លួន និងរបួសក្បាល ក៏ស្រាយចំណងចេញបំរ៉ុងយកទៅពេទ្យ តែជនរងគ្រោះស្លាប់បាត់ទៅហើយ ។
បើតាមសង្ស័យឈ្មោះ បាន ឡា ដែលត្រូវជាបងថ្លៃជនរងគ្រោះ បានរៀបរាប់ថា កន្លងមកប្អូនថ្លៃខ្ញុំប្រើប្រាស់គ្រឿងញៀន លុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០៖១០នាទី ជនរងគ្រោះបានរករឿង ជេរបញ្ចោប្រពន្ឋខ្ញុំនិងខ្ញុំថា ជាចោរពេញផ្ទះដោយដៃកាន់កាំបិត និងកាន់អង្រែ ហើយជនរងគ្រោះបានស្ទុះមកវាយខ្ញុំ ហើយក៏ប្រតាយប្រតប់គ្នាទៅវិញទៅមក ពេលនោះខ្ញុំក៏ដណ្តើមបានអង្រែ ក៏វាយទៅលើជនរងគ្រោះចំនួន ២អង្រែបណ្តាលឲ្យស្លាប់តែម្តង។
ក្រោយធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចក៏បានប្រគល់ សាកសពឲ្យបងស្រីបង្កើត យកទៅធ្វើបុណ្យតាមប្រពៃ ៕