ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា មានព្រះបរមរាជឱង្ការថា សីលធម៌ និងអភិសមាចារ (មារយាទដ៏ល្អក្រៃលែង ឬជ្រះថ្លា) ក្នុងជីវភាពសង្គម មានការស្រុតចុះគួរឲ្យ ព្រួយបារម្ភណាស់ ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក Royal du Cambodge កាលពីថ្ងៃ៣ កញ្ញា បានឲ្យដឹថា «បច្ចុប្បន្ននេះសាកលលោកយើង កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការរីកចម្រើន និងជឿនលឿន ដោយមានជំនាញខាងវិទ្យាសាស្ត្រ និងសម្ភារៈ ដែលមិនធ្លាប់មានពីមុនមក។ ប៉ុន្តែទន្ទឹមនឹងការរីកចម្រើនខាងលើនេះ សីលធម៌ និងអភិសមាចារ (មារយាទដ៏ល្អក្រៃលែង ឬជ្រះថ្លា) ក្នុងជីវភាពសង្គម ក៏មានការស្រុតចុះគួរឲ្យព្រួយបារម្ភណាស់ដែរ។ ភាពអន់ថយនៃសីលធម៌ និងគុណធម៌សង្គម នាំឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេចក្តីថ្លៃថ្នូរ និងនិរន្តរភាពនៃវប្បធម៌ និងចីរភាពរបស់សង្គមនិយមទៅអនាគត»។ នេះជាព្រះបរមរាជឱង្ការដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៕