ស្រឡាញ់ ១០ឆ្នាំ ទើបបែកគ្នាកន្លះខែ បុរសម្នាក់ចាក់សម្លាប់សង្សារ រួចចាក់ខ្លួនឯងតាមក្រោយ (Video)

0


ភ្នំពេញ៖ ស្រលាញ់គ្នាប្រហែល ១០ឆ្នាំហើយ ទើបតែបែកគ្នាបានកន្លះខែ ស្ត្រីអ្នកលក់ឡេតាមអនឡាញម្នាក់ ត្រូវបានបុរសជាសង្សារ ចាក់សម្លាប់ក្នុងថ្លុកឈាម យ៉ាងអណោចអធម រួចជនសង្ស័យបានចាក់សម្លាប់ ខ្លួនឯងតាមក្រោយតែមិនស្លាប់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៥៖២០នាទីល្ងាច ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះលេខ2D ផ្លូវលេខ៤ បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ វង្ស ម៉ាលីដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឡេតាមអនឡាញ ស្នាក់នៅផ្ទះជួលលេខ2D ផ្លូវលេខ៤ បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ឯកឌៀម វន្ថា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ2D ផ្លូវលេខ៤ បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យលោកសង្ឃ) ។

លោកអធិការបានបន្តថា កាលពីល្ងាចថ្ងៃទី៣ កញ្ញា ជនរងគ្រោះ វង្ស ម៉ាលីដា បាននាំប្អូនប្រុសម្នាក់ឈ្មោះ វង្ស សិរីរតនៈ ភេទប្រុស អាយុ២៣ឆ្នាំ បើកកង់បីឥណ្ឌា ឌុបគ្នាមកប្រមូលអ៊ីវ៉ាន់ របស់ជនរងគ្រោះដឹកចេញ ពីផ្ទះជួលលេខ2D ផ្លូវលេខ៤ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលនោះជនរងគ្រោះបានរើអ៊ីវ៉ាន់ ដាក់លើម៉ូតូកង់បីឥណ្ឌា រួចហើយបានរៀបតុផឹកស៊ីលាគ្នា ជាមួយជនសង្ស័យឈ្មោះ ឯកឌៀម វន្ថា ។ ការផឹកស៊ីនោះជនរងគ្រោះ និងជនសង្ស័យបានហៅមិត្តភក្តិ មកចូលរួមថែមទៀតមានគ្នាទាំងអស់ចំនួន ៥នាក់ ទី១-ជនរងគ្រោះ ទី២-ជនសង្ស័យ ទី៣-ឈ្មោះ នុត សុជាតា ភេទស្រី អាយុ៣៤ឆ្នាំ (មិត្តភក្តិរបស់ជនរងគ្រោះ). ទី៤-ឈ្មោះ វង្ស សេរីរតនៈ ភេទប្រុស អាយុ២៣ឆ្នាំ (ប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ), ទី៥-មិនស្គាល់ឈ្មោះ ភេទប្រុស (មិត្តភក្តិរបស់ ជនសង្ស័យ)។

ពេលផឹកស៊ីជនរងគ្រោះ និងជនសង្ស័យ រួមជាមួយនឹងប្អូនជនរងគ្រោះផឹកស្រាក្រហម ចំណែក ២នាក់ទៀត ផឹកស្រាបៀរ Ganzberg លុះដល់ម៉ោងកើតហេតុ ជនរងគ្រោះបានឱ្យប្អូនប្រុសឈ្មោះ វង្ស សេរីរតនៈ ដឹកអ៊ីវ៉ាន់យកទៅទុកសិន ហើយមិត្ត ភក្តិរបស់ជនសង្ស័យម្នាក់ទៀត ក៏បានចេញទៅបាត់ដែរ នៅសល់តែជនរងគ្រោះ និងជនសង្ស័យ ជាមួយឈ្មោះ នុត សុជាតា ហើយឈ្មោះ នុត សុជាតា ក៏បានដើរទៅចៀនត្រីនៅកន្លែង ដាំស្លខាងក្រោយ ស្រាប់តែឮសូរសំឡេងប្រាវ ក្រឡេកមើលមកឃើញជនរងគ្រោះ ដេកផ្កាប់មុខនៅក្នុងថ្លុកឈាម ហើយជនសង្ស័យកំពុងតែ កាន់កាំបិតដងជ័រចុងស្រួច ប្រវែងប្រហែល ៣០សង់ទីម៉ែត្រ ធ្វើសកម្មភាពចាក់លើខ្លួនឯង បណ្តាលឱ្យដួលដេកនៅលើថ្លុកឈាមទាំង ២នាក់ ។

បន្ទាប់មកឈ្មោះ នុត សុជាតា ក៏បានរត់ចេញទៅខាងក្រៅ ស្រែកឆោឡោឱ្យអ្នកជិតខាង ហើយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានចុះទៅជួយ អន្តរាគមន៍ នាំជនសង្ស័យទៅសង្គ្រោះនៅគ្គីនិកសួគ៌ា ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ រួចបន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ លោកសង្ឃ ហើយបានរាយការណ៍ទៅ ការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងគ្រូពេទ្យ តុលាការ ឱ្យចុះមកសហការពិនិត្យសាកសពជនរងគ្រោះ ។

ក្រោយពីពិនិត្យរួចបានឃើញ មានស្លាកស្នាមលើជនរងគ្រោះចំនួន ៣កន្លែង ស្នាមដាច់ឆូតលើបាតដៃខាងឆ្វេង ១កន្លែង ស្នាមដាច់ឆូតលើបាតដៃខាងស្តាំ ១កន្លែង ស្នាមចាក់ ចំកខាងស្តាំធ្លុះទៅខាងក្នុង ១កន្លែង បណ្តាលឱ្យហូរឈាមដាច់ខ្យល់ស្លាប់ នៅកន្លែងកើតហេតុ។

ចំណែកជនសង្ស័យ មានរបួសចំនួន ២កន្លែង ស្នាមអារកខាងឆ្វេង ១កន្លែង ស្នាមចាក់ចំលើដោះខាងឆ្វេង ១កន្លែង រងរបួសធ្ងន់ធ្ងរ។ បន្ទាប់ពីធ្វើកោ សល្យវិច័យរួចសមត្ថកិច្ចក៏បាន ប្រគល់សាកសពជនរងគ្រោះ ឱ្យទៅឈ្មោះ វង្ស សេរីរតនៈ (ប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ) យកទៅធ្វើបុណ្យតាមប្រពៃណីតែម្តង ៕